កម្ពុជា ទទួលបានកៅអី AVC Cup 2027 ស្វ័យប្រវត្តិ ក្រោយជោគជ័យក្នុងព្រឹត្តិការណ៍បាល់ទះអាស៊ីអាគ្នេយ៍

28-07-2026 10:47

(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានទទួលកៅអីស្វ័យប្រវត្តិ ដើម្បីចូលរួមព្រឹត្តិការណ៍បាល់ទះទ្វីបអាស៊ី(AVC Cup) ឆ្នាំ២០២៧ បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រកួតជើងឯកបាល់ទះអាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីកាលពីថ្មីៗ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ក្រោយដឹកនាំប្រតិភូកីឡាបាល់ទះកម្ពុជាមកដល់មាតុភូមិ ជាមួយការស្វាគមន៍ដ៏កក់ក្ដៅពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ជាមួយពិធីដង្ហែពាន SEA V.Cup ជើងទី១ ឆ្នាំ២០២៦ ផ្អើលរាជធានីភ្នំពេញកាលពីរាត្រីថ្ងៃចន្ទកន្លងទៅ មន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើបានឲ្យដឹងថា ក្រុមបាល់ទះកម្ពុជាត្រូវឈានឡើងមួយកម្រិតទៀតហើយ ក្រោយសាងប្រវត្តិសាស្ដ្រថ្មីក្នុងពានថ្នាក់តំបន់ ដោយត្រូវមានកៅអីស្វ័យប្រវត្តិ ដើម្បីចូលរួមប្រកួតពានកម្រិតទ្វីបអាស៊ីនាឆ្នាំក្រោយ។

លោកថា «ឱកាសលេងពាន AVC Cup ផ្លូវការហើយ ខ្ញុំហ៊ាននិយាយបែបនេះ ព្រោះទី១ យើងឈ្នះជើងឯក (ជើងទី១) រកបាន ៦ពិន្ទុ និងទី២ យើងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រកបាន ៣ពិន្ទុ សរុប ៩ពិន្ទុ ហើយចែកជា ២ គឺយើងមាន ៤ពិន្ទុកន្លះ ស្មើវៀតណាម និងថៃ តែក្រុមថៃ អត់ឈ្នះជើងឯក។ អ៊ីចឹងកម្ពុជា និងម្ចាស់ជើងឯក (ជើងទី២) វៀតណាម ស្វ័យប្រវត្តិគឺបានទៅលេងពាន AVC Cup 2027 ជាមួយឥណ្ឌូនេស៊ី ដែលជាក្រុមការពារជើងឯក ក្នុងនាមម្ចាស់ពាន AVC Cup 2026 និងហ្វីលីពីន ដែលជាម្ចាស់ផ្ទះនាឆ្នាំ២០២៧ មាន ១កៅអីដែរ។ ខ្ញុំជឿជាក់ថា ទម្រង់បែបនេះ»

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ដថា នេះគឺជាការបោះជំហានថ្មីមួយទៀត សម្រាប់វិស័យកីឡាបាល់ទះកម្ពុជា ក្រោយកំណែទម្រង់រយៈពេល ៤ឆ្នាំចុងក្រោយ ដែលជំរុញឲ្យមានភាពរីកចម្រើន និងដណ្ដើមបានសមិទ្ធផលធំៗជាបន្ដបន្ទាប់ជូនជាតិមាតុភូមិ។ ពីប្រទេសដែលមិនស្ថិតក្នុងកែវភ្នែករបស់គេ បានក្លាយជាប្រទេសធ្វើឲ្យបណ្ដាក្រុមផ្សេងៗ ទាំងក្នុងតំបន់ និងទ្វីប មានការចាប់អារម្មណ៍ ហើយក្រែងរអាថែមទៀត។

លោកបន្ដថា «ពីដើមមកគេមិនដែលខ្វល់ពីកម្ពុជា ទោះបីខ្ញុំដាក់ពាក្យស្នើសុំលេងម៉េច ក៏គេមិនព្រម និងមិនឲ្យលេងដែរ ដ្បិតយើងបានបង្ហាញថា កីឡាករយើងមានគុណភាពយ៉ាងណា តែគេនៅតែមិនជឿជាក់។ អ៊ីចឹងដើម្បីឲ្យគេជឿជាក់ ទាល់តែបង្ហាញស្នាដៃឲ្យគេឃើញ ហើយឥឡូវគេចាប់ផ្ដើមថា ជួបកម្ពុជា ត្រូវមានការពិចារណា ព្រោះកម្ពុជាអាចតដៃវិញ ហើយយើងក៏លែងជាកូនម្រឹគមួយឲ្យខ្លាចចាំតែត្របាក់ហើយ យើងមានចង្កូម អាចខាំគេត្រឡប់ទៅវិញបានហើយ»

សូមរំឮកថា ក្រុមបាល់ទះកម្ពុជា បានសាងភាពភ្ញាក់ផ្អើលក្នុងតំបន់ និងទ្វីប ក្រោយចំណាយពេលត្រឹម ២រដូវកាល ដើម្បីដណ្ដើមជើងឯកពានរង្វាន់ SEA V.Cup ឆ្នាំ២០២៦ (ជើងទី១) នៅហ្វីលីពីន មុនបន្ដការប្រកួតជើងទី២ នៅឥណ្ឌូនេស៊ី ដោយទទួលបានលេខ៤។ សរុបលទ្ធផលទាំង ២ជើង ក្រុមបាល់ទះកម្ពុជាមានពិន្ទុគ្រប់គ្រាន់ ដើម្បីទទួលបានកៅអីលើកដំបូង ក្នុងការបង្ហាញខ្លួននៅពានរង្វាន់ AVC Cup ដែលគ្រោងនឹងរៀបចំនៅប្រទេសហ្វីលីពីន នាឆ្នាំ២០២៧ ខាងមុខ៕