Tesla ឈ្នះក្តីនៅតុលាការកំពូលអង់គ្លេស បើកផ្លូវប្រជែងទីផ្សាររថយន្តអគ្គិសនីបំពាក់បច្ចេកវិទ្យា 5G
28-07-2026 11:30
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោក Elon Musk ទទួលបានជ័យជម្នះផ្លូវច្បាប់ជាប្រវត្តិសាស្ត្រមួយ ក្នុងការស្តារបណ្តឹងឡើងវិញនៅតុលាការកំពូលចក្រភពអង់គ្លេស ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា InterDigital និងភ្លេតហ្វមផ្តល់អាជ្ញាប័ណ្ណប៉ាតង់ Avanci។ ការតវ៉ាលើផ្លូវច្បាប់នេះ ធ្វើឡើងដើម្បីទាមទារសិទ្ធិប្រើប្រាស់អាជ្ញាប័ណ្ណប៉ាតង់ 5G ក្នុងតម្លៃ និងលក្ខខណ្ឌប្រកបដោយយុត្តិធម៌ មុនពេល Tesla ដាក់លក់រថយន្តបំពាក់បច្ចេកវិទ្យា 5G ផ្លូវការនៅលើទីផ្សារអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
ដើមឡើយ Tesla បានដាក់ពាក្យប្តឹងកាលពីឆ្នាំ ២០២៣ ដើម្បីឱ្យតុលាការកំណត់លក្ខខណ្ឌអាជ្ញាប័ណ្ណ «FRAND» (យុត្តិធម៌ សមហេតុផល និងមិនរើសអើង) សម្រាប់អាជ្ញាប័ណ្ណប៉ាតង់ 5G។ ទោះបីជាតុលាការថ្នាក់ក្រោមធ្លាប់បានបដិសេធសំណើនេះកាលពីឆ្នាំ ២០២៤ ក៏ដោយ តុលាការកំពូលបានសម្រេចក្តីឱ្យ Tesla ឈ្នះវិញ ដោយបានគូសបញ្ជាក់ថា ម្ចាស់ប៉ាតង់មិនអាចគេចផុតពីកាតព្វកិច្ចក្នុងការផ្តល់អាជ្ញាប័ណ្ណលើលក្ខខណ្ឌយុត្តិធម៌បានឡើយ ទោះបីជាពួកគេចូលរួមក្នុងបណ្តាញរៀបចំ ឬភ្លេតហ្វមប៉ាតង់រួម (Patent Pool) ក៏ដោយ។
ជាការឆ្លើយតបទៅនឹងការសម្រេចក្តីនេះ លោក Laurie Fitzgerald ប្រធានក្រុមហ៊ុន Avanci Vehicle បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងសូមសម្តែងការមិនយល់ស្របចំពោះការសម្រេចចិត្តនាថ្ងៃនេះ ហើយនៅតែជឿជាក់ថា ការទាមទាររបស់ Tesla គឺគ្មានទម្ងន់ផ្លូវច្បាប់នោះទេ»។
គួរជម្រាបថា បច្ចុប្បន្ន រឿងក្តីនេះត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូនត្រឡប់ទៅកាន់តុលាការជាន់ខ្ពស់ក្រុងឡុងដ៍វិញដើម្បីចាត់ការបន្ត ខណៈដែលភាគី Tesla និង InterDigital មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕











