ប្រមុខ FIFA ប្រាប់ទៅអ្នករិះគន់ថា «គួរតែចេះធ្វើសមាធិ ឬទស្សនាបាល់ទាត់វិញ» ជាជាងរិះគន់ការដឹកនាំរបស់លោក
28-07-2026 11:32
(បរទេស)៖ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានផ្តាំផ្ញើទៅអ្នករិះគន់ថា «គួរតែចេះធ្វើសមាធិ អធិដ្ឋាន ឬក៏មើលការប្រកួតបាល់ទាត់វិញ» ជាជាងសាបព្រួសសំអប់ និងពាក្យចចាមអារាម អំពីការដឹកនាំរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នៅចាំបានថា បុរសជនជាតិស្វីស សញ្ជាតិអ៉ីតាលី វ័យ ៥៦ឆ្នាំរូបនេះ គឺជាប្រធាន FIFA ជំនាន់ទី៩ ក្រោយឈ្នះការបោះឆ្នោតនាឆ្នាំ២០១៦ និងបានរៀបចំ World Cup ៣សម័យកាលមកដែរ ពោលគឺក្នុងឆ្នាំ២០២៨ ២០២២ និងឆ្នាំ២០២៦។
ទោះជាយ៉ាងណា លោក Infantino ក៏ត្រូវបានគេរិះគន់មិនតិចផងដែរ ពីការរៀបចំការប្រកួតដ៏មមាញឹក បញ្ហាសំបុត្រ World Cup 2026 ថ្លៃកប់ពពក រួមទាំងការចូលរួមរបស់ក្រុមជម្រើសជាតិអ៉ីរ៉ង់ ដែលកំពុងមានសង្រ្គាមជាមួយអ៉ីស្រាអែល និងប្រទេសសហម្ចាស់ផ្ទះអាមេរិកផងនោះ។
រឿងក្តៅចុងក្រោយនេះ រូបលោកត្រូវបានគេបង្ខំ ជាពិសេសនៅតំបន់អឺរ៉ុបតែម្តងឱ្យចុះចេញពីតំណែងប្រធាន FIFA ដោយចោទថា ស្ថិតក្រោមឥទ្ធិពលនយោបាយពីសំណាក់លោក Donald Trump ពីសំណើព្យួរកាតក្រហមនៅ WC26 និងអ៉ីរ៉ង់ ដែលមានកៅអីលេងពេញសិទ្ធិ ប៉ុន្តែបែរជាមិនអាចហ្វឹកហាត់ និងស្នាក់នៅអាមេរិកបាន លើកលែងតែការប្រកួត។
ទោះជាបែបនេះក្តី លោក Infantino បានគូសបញ្ជាក់ថា «នៅពេលដែលពួកគេរវល់តែសាបព្រួសនូវការរិះគន់ ស្របពេល FIFA តែងតែខិតខំបង្កើតព្រឹត្តិការណ៍អស្ចារ្យជាច្រើននៅលើភពផែនដីនេះ។ ពួកយើងបានព្យាយាមបង្កើតសហគមន៍ដ៏អស្វារ្យ ជាពិសេស Word Cup 2026 ទាំងសុវត្ថិភាព និងសន្តិសុខ ដោយមិនត្រឹមតែសប្បាយរីករាយ និងមានក្តីសុខប៉ុណ្ណោះទេ»។
លោកបន្តថា FIFA បានខិតខំធ្វើការងារទាំងលំបាក ដើម្បីសម្របសម្រួលក្រុមអ៉ីរ៉ង់ ដែលកំពុងមានសង្រ្គាមមកលេង World Cup 2026 ដោយគ្មានការបារម្ភពីសុវត្ថិភាពអ្វីឡើយ ទោះជាការប្រកួតនៅទឹកដីសហរដ្ឋអាមេរិកទាំង ៣លើកក៏ដោយ៕



