អង្គរមីល រៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង ៥បន្ទប់ ជូនដល់សាលាបឋមសិក្សាគ្រញូង ក្នុងខេត្តត្បូងឃ្មុំ ដើម្បីអបអរខួប ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា!

28-07-2026 12:55

(ត្បូងឃ្មុំ)៖ ក្នុងឱកាសអបអរសាទរខួបគម្រប់ ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី (អង្គរមីល) កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង មាន ៥បន្ទប់ ជូនដល់សាលាបឋមសិក្សាគ្រញូង ស្ថិតក្នុងភូមិគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន អង្គរមីលតាមរយៈលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកស្រី។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ដោយមានការអញ្ជើញចូលរួមពី លោក Ta Duy Tung អគ្គនាយក ក្រុមហ៊ុន អង្គរមីល ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ភ្ញៀវកិត្តិយស និងអ្នកចូលរួមជាច្រើនរូប។

ក្នុងឱកាសនោះ លោក ជួប ប៉ារីស៍ បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឱ្យគោរព ស្រឡាញ់ និងស្តាប់ដំបូន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ព្រមទាំងខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សមានគុណភាពនិងអាចប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ បរិស្ថាន ដោយមិនបោះសំរាមពាសវាលពាសកាល និងរួមគ្នាបង្កើតបរិស្ថានស្អាត ដើម្បីលើកកម្ពស់សុខភាព និងគុណភាពជីវិត។

លោក ជួប ប៉ារីស៍ ក៏បានស្នើដល់សិល្បករ-សិល្បការិនី ដែលមានវត្តមាន រួមមាន នាយ ព្រែក នាយ ពាក់មី សុភារាជ ហាវហ៊ាង និងអ្នកនាងគ្រត ជួយផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន តាមរយៈស្នាដៃសិល្បៈ និងសកម្មភាពផ្សេងៗរបស់ខ្លួន។

លោកបានគូសបញ្ជាក់ថា «បរិស្ថានស្អាត នាំឱ្យសុខភាពល្អ។ សុខភាពល្អ ជួយឱ្យកូនៗរៀនពូកែ និងក្លាយជាធនធានមនុស្សប្រកបដោយគុណភាព ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ»។ លោកបានបន្តថា ការយកចិត្តទុកដាក់លើធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោក Ta Duy Tung អគ្គនាយកក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានលើកឡើងថា ក្រុមហ៊ុនជឿថាការជោគជ័យពិតប្រាកដមិនត្រឹមតែការរីកចំរើននៃអាជីវកម្មប៉ុណ្ណោះនោះទេ ក៏ត្រូវតែមានការចូលរួមចំណែកកសាងសង្គមវិញផងដែរ។

ក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនមានកិត្តិយសក្នុងការការសាងសង់អាគារសាលាថ្មី១ខ្នងដែលមាន៥បន្ទប់រៀន បំពាក់ជាមួយតុសិស្ស តុគ្រូ ក្តារឃៀន គ្រឿងអគ្គិសនី ដល់សាលាបឋមសិក្សាគ្រញូង ដែលមានទីតាំងនៅ ភូមិគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមរយៈឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ហើយក្រុមហ៊ុនក៏មានជាការថ្លែងអំណរគុណចំពោះការគាំទ្រផលិតផលទឹកដោះគោ អង្គរមីល ហើយក៏ជាចូលរួមលើកស្ទួយវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា និង ដើម្បីអនាគតភ្លឺចែងចាំងសម្រាប់កុមារកម្ពុជា។ អគារសិក្សានេះតំណាងឱ្យការដឹងគុណយ៉ាងស្មោះស្ម័គ្ររបស់យើង ចំពោះប្រជាជនកម្ពុជាដែលបានជឿទុកចិត្ត និងការគាំទ្រផលិតផលផល អង្គរមីល។

ជំនួសមុខឱ្យប្រជាពលរដ្ឋក្នុងស្រុកពញាក្រែក លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ដែលបានឧបត្ថម្ភការសាងសង់អគារសិក្សាថ្មី ១ខ្នង មាន៥បន្ទប់ និងជួសជុលអគារសិក្សា១ខ្នង មាន៣បន្ទប់ នៅសាលាបឋមសិក្សាគ្រញូង ដែលជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន៕