លេចធ្លាយកិច្ចព្រមព្រៀងយក្ស! Nvidia ត្រៀមបោះទុនជួលមជ្ឈមណ្ឌលទិន្នន័យ ៥០ ពាន់លានដុល្លារនៅ Texas ដើម្បីពង្រឹងកម្លាំង AI
29-07-2026 08:38
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia ត្រូវបានគេរាយការណ៍ថា បានចុះហត្ថលេខាលើកិច្ចសន្យាជួលមជ្ឈមណ្ឌលទិន្នន័យដ៏ធំសម្បើមមួយនៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ពីក្រុមហ៊ុន Hut 8 ក្នុងតម្លៃរហូតដល់ ៥០ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Financial Times (FT) ដោយផ្អែកលើប្រភពដែលជិតស្និទ្ធនឹងកិច្ចព្រមព្រៀងនេះ។
យោងតាមប្រភពព័ត៌មានដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Hut 8 បានប្រកាសពីកិច្ចសន្យារយៈពេល ១៥ ឆ្នាំ លើទីតាំង Beacon Point កម្លាំង ១ ហ្គីហ្គាវ៉ាត់ ដែលមានតម្លៃដើម ១៩,៦ ពាន់លានដុល្លារ និងអាចកើនឡើងដល់ ៥០,២ ពាន់លានដុល្លារ ប្រសិនបើមានការបន្តកិច្ចសន្យា។ កាលនោះ ក្រុមហ៊ុនមិនបានបញ្ជាក់ឈ្មោះអតិថិជនឡើយ ដោយគ្រាន់តែរៀបរាប់ថាជា «អតិថិជនដែលមានកម្រិតវិនិយោគស្រាប់» ដែលនឹងដំឡើងឧបករណ៍កុំព្យូទ័រ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាល និងប្រតិបត្តិការ AI ទ្រង់ទ្រាយធំ ប៉ុន្តែ FT បានទម្លាយថាអ្នកជួលពិតប្រាកដនោះគឺ Nvidia។
ប្រភពដដែលបានបន្ថែមថា Nvidia អាចនឹងយកទីតាំងនេះទៅជួលបន្ត (sublease) ឱ្យទៅដៃគូក្រុមហ៊ុន Cloud ជំនាន់ថ្មី (neocloud) របស់ខ្លួន ដែលជាអ្នកទិញបន្ទះឈីប GPU ដើម្បីផ្តល់សេវា AI Cloud Computing។ ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗនៅឡើយទេ។
ជាការឆ្លើយតប អ្នកនាំពាក្យរបស់ Nvidia បានថ្លែងដោយមិនបានបញ្ជាក់ ឬបដិសេធរបាយការណ៍នេះថា៖ «Nvidia កំពុងធ្វើការជាមួយដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីពន្លឿនការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ AI ប្រកបដោយប្រសិទ្ធភាព តាមរយៈរចនាសម្ព័ន្ធរោងចក្រ AI ប្រភេទ DSX»៕










