Apple ក្លាយជាក្រុមហ៊ុនទី២ ក្នុងលោកដែលមានតម្លៃនៅលើទីផ្សារជាង ៥ទ្រីលានដុល្លារ
29-07-2026 10:24
(ញូវយ៉ក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបង្កើតប្រវត្តិសាស្ត្រថ្មីនៅលើទីផ្សារភាគហ៊ុន Wall Street ដោយតម្លៃមូលធននីយកម្មទីផ្សារ (Market Capitalization) របស់ខ្លួនបានស្ទុះហក់ឡើងរំលងទំហំ ៥ទ្រីលានដុល្លារអាមេរិក ($5 Trillion) ជាបណ្តោះអាសន្ន នៅក្នុងវគ្គជួញដូរនាថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយព័ត៌មានប៊្រេកឃីង (Breaking News) របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមទិន្នន័យនៃការជួញដូរ តម្លៃភាគហ៊ុនរបស់ Apple បានកើនឡើងដល់កម្រិតកំពូលគឺ ៣៤២.៨៩ ដុល្លារ ក្នុងមួយភាគហ៊ុន (កើនឡើង ១.៨%) ដែលជម្រុញឱ្យតម្លៃសរុបរបស់ក្រុមហ៊ុនហក់ឡើងដល់ ៥.០៣៦ ទ្រីលានដុល្លារ ដោយធ្វើឱ្យ Apple ក្លាយជាក្រុមហ៊ុនទី២ ក្នុងប្រវត្តិសាស្ត្រពិភពលោកដែលឈានដល់ស្រទាប់ ៥ទ្រីលានដុល្លារ បន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីប Nvidia។
តាមការរាយការណ៍ កត្តាដែលរុញច្រានឱ្យភាគហ៊ុន Apple កើនឡើងប្រមាណ ២៥% ក្នុងឆ្នាំ២០២៦ នេះ រួមមាន ការរក្សាប្រភពចំណូលដ៏សំខាន់ពីស្រឡាយ iPhone និងការរក្សាតម្លៃស្មើដើម ខណៈដែលតម្លៃ MacBook និង iPad ត្រូវបានកែសម្រួលឡើង។ ផ្ទុយពី Microsoft, Alphabet, Meta និង Amazon ដែលកំពុងចាក់លុយរាប់សិបពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យ (Data Centers) និងបន្ទះឈីប AI ក្រុមហ៊ុន Apple បានជ្រើសរើសចាប់ដៃគូជាមួយ Google ដើម្បីប្រើប្រាស់ម៉ូដែល AI មកទ្រទ្រង់មុខងារ Siri ជំនាន់ថ្មី ដែលជួយសន្សំសំចៃសាច់ប្រាក់ បានយ៉ាងច្រើនសន្ធឹកសន្ធាប់៕






