ព្រះខ័នរាជស្វាយរៀង ណាត់ក្លិបហុងកុង និងសិង្ហបុរី ប្រកួតពាន Pre-Season ក្នុងស្រុកលើកដំបូង
29-07-2026 14:23
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានណាត់ក្លិបបរទេសចំនួន២ រួមមានក្លិបមកពីហុងកុង និងសិង្ហបុរី ដើម្បីចូលរួមការប្រកួតពានរង្វាន់ត្រៀមបើករដូវកាលថ្មី Pre-Season Cup 2026 ដើម្បីត្រៀមលក្ខណៈការប្រកួតប្រកួជើងឯកលីគកំពូលកម្ពុជា ដែលគ្រោងនឹងចាប់ផ្ដើមនាខែកញ្ញាខាងមុខ។ នេះបើតាមប្រភពព័ត៌មានច្បាស់ការពីមន្ដ្រីព័ត៌មានរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា។
ប្រភពដដែលបានបញ្ជាក់ថា ការប្រកួតគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ប៉ុន្ដែក្រៅពីបញ្ជាក់នឹងមានសមាសភាព ៣ក្រុមចូលរួមដែលព្រះខ័នរាជស្វាយរៀង នឹងធ្វើម្ចាស់ផ្ទះ នៅមិនទាន់បញ្ជាក់ឈ្មោះក្រុមភ្ញៀវមកពីហុងកុង និងសិង្ហបុរី ដែលត្រូវចូលរួមឡើយ ដោយរង់ចាំការប្រកាសផ្លូវការពីក្លិបនាពេលឆាប់ៗខាងមុខ។
គួរដឹងថា នេះជាលើកដំបូងដែលព្រះខ័នរាជស្វាយរៀង រៀបចំការប្រកួត Pre-Season ក្នុងស្រុក ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងនៅរដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខុសពីឆ្នាំមុនៗ ដែលពួកគេច្រើនចេញទៅប្រកួត Pre-Season នៅបរទេស ជាក់ស្ដែងកាលពីឆ្នាំមុន ដែលក្រុមខ្លាំងរបស់កម្ពុជានេះ បានចេញទៅបោះជំរុំហ្វឹកហាត់ និងប្រកួតនៅប្រទេសម៉ាឡេស៊ី។
ការប្រកួត Pre-Season ក្នុងស្រុកនេះ ក៏នឹងផ្ដល់ផលល្អសម្រាប់ក្រុម ដោយកាត់បន្ថយនូវការចំណាយ និងចំណេញពេលវេលាច្រើនផងដែរ ដ្បិតបច្ចុប្បន្នមានទាំងទីលានហ្វឹកហាត់ និងប្រកួត ព្រមទាំងសម្ភារៈស្ដង់ដារគ្រប់គ្រាន់បម្រើឲ្យការហ្វឹកហាត់៕






