អាជ្ញាធរកីឡាខេត្តសៀមរាប គាំទ្រ និងជំរុញការបង្កើតពានបាល់ទាត់កុមារ ក្រោយឃើញសន្ទុះចូលរួមគួរឲ្យភ្ញាក់ផ្អើល
29-07-2026 15:05
(ភ្នំពេញ)៖ អាជ្ញាធរកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបង្ហាញការគាំទ្រ និងជំរុញឲ្យមានការប្រកួតកីឡា ពិសេសការបង្កើតពានរង្វាន់បាល់ទាត់កម្រិតកុមារ ដើម្បីបំផុស និងផ្ដល់ឱកាសឲ្យកុមារ ក៏ដូចជាយុវជនបានចូលរួមលេងកម្សាន្ដ សំដៅរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាផង លើកកម្ពស់បញ្ហាស្មារតីកុមារផង និងចៀសឆ្ងាយពីការយកពេលទំនេរទៅប្រព្រឹត្តសកម្មភាពមិនគប្បីក្នុងសង្គមផង។
នេះជាការលើកឡើងរបស់លោក ជួន សុខវណ្ណឌី ប្រធានការិយាល័យអប់រំកាយ និងកីឡាខេត្ត ក្រោយចូលរួមព្រឹត្តិ ការណ៍ប្រកួតបាល់ទាត់កុមារ Daiichi Junior Cup ឆ្នាំ២០២៦ នៅមណ្ឌលសៀមរាប ជាមួយសន្ទុះនៃការចូលរួមប្រកួត និងគាំទ្រគួរឲ្យភ្ញាក់ផ្អើល កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីលានបាល់ទាត់វត្តបូព៌ ដើម្បីចម្រាញ់ក្រុមខ្លាំងប្រចាំមណ្ឌលឡើងមកប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ។
លោកបានចាត់ទុកនេះគឺជាកម្មវិធីមួយដ៏ល្អ សម្រាប់បំផុសចលនាកីឡាដល់កុមារ និងយុវជនក្នុងខេត្តសៀមរាប ឲ្យចូលរួមសកម្មភាពកីឡា ដើម្បីសុខភាព មិត្តភាព និងចៀសឆ្ងាយអំពីអបាយមុខផ្សេងៗ ក្រោយទំនេរពីការសិក្សា។ ក្នុងនាមអាជ្ញាធរលោកពិតជារីករាយ និងគាំទ្រ ខណៈមន្ទីរអប់រំ យុវជន និងកីឡា ក៏រង់ចាំស្វាគមន៍ជានិច្ច ដើម្បីសហការរៀបចំលើកក្រោយឲ្យកាន់តែធំ ស្របតាមទិសដៅអភិវឌ្ឍន៍សកម្មភាពកីឡារបស់មន្ទីរ និងរដ្ឋបាលខេត្តផងដែរ។
លោក ង៉ែត វុទ្ធី តំណាងគណៈកម្មការរៀបចំបានបញ្ជាក់ថា សៀមរាប គឺជាមណ្ឌលដ៏ជោគជ័យ ទាំងការរៀបចំ និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងនោះត្រឹមរយៈពេលខ្លី ក្រោយបើកទទួលចុះឈ្មោះ បេក្ខភាព ៣២ក្រុមបានចុះឈ្មោះពេញ ទាំងកម្រិតអាយុក្រោម ១២ឆ្នាំ និង ១៤ឆ្នាំ ពោលគឺលឿនជាងមុន ៣ដង បើធៀបមណ្ឌផ្សេងៗ ហើយក៏មានបេក្ខភាពពីខេត្តប៉ៃលិន ២ក្រុម និងខេត្តបាត់ដំបង ១ក្រុមចូលរួមដែរ។ រីឯកម្មវិធីអមផ្សេងៗ ក៏បានទាក់ទាញមហាជនចូលរួមកើនឡើងទ្វេផងដែរ។
ទន្ទឹមជាមួយភាពជោគជ័យលើទឹកដីអង្គរ ក្នុងការរៀបចំពានបាល់ទាត់កុមារ ដែលគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ ក្រៅពីអាជ្ញាធរកីឡាខេត្ត បណ្ដាក្រុមចូលរួមទាំងអស់ ក៏បានស្នើឲ្យគណៈកម្មការបន្ដរៀបចំជាបន្ដបន្ទាប់ ឬកម្មវិធីផ្សេងៗ ក្នុងទិសដៅរយៈពេលវែង ដើម្បីបំផុសសកម្មភាពកីឡាក្នុងខេត្តឲ្យកាន់តែរីកចម្រើន ហើយមានក្រុមមួយចំនួន បានស្នើសុំចង់ចូលរួមការប្រកួតជម្រុះបន្ដនៅរាជធានីភ្នំពេញ ក្រោយមើលឃើញពីស្ដង់ដាររៀបចំដ៏ល្អ ទោះបីពួកគេត្រូវចំណាយបន្ថែមក៏ដោយ។
ក្រឡេកទៅមើលលទ្ធផលការប្រកួតពានរង្វាន់កុមារ Daiichi Junior Cup 2026 នៅមណ្ឌលសៀមរាបវិញ សម្រាប់ពានកុមារអាយុក្រោម ១២ឆ្នាំ ម្ចាស់ពានបានទៅក្រុមយុវជន U12 SHINE Football Academy ក្រោយយកឈ្នះក្រុមយុវជន Singapore Helm Institute of Education ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលម្ចាស់ពានកុមារអាយុក្រោម ១៤ឆ្នាំ បានទៅក្រុមយុវជន U14 ស្ទឹងថ្មី បន្ទាប់ពីយកឈ្នះក្រុមយុវជន FBIS Academy ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ។
គួរដឹងថា ពានបាល់ទាត់កុមារខាងលើ បែងចែកការប្រកួតជម្រុះជា ៤មណ្ឌលផ្សេងគ្នា ក្នុងនោះការប្រកួតជម្រុះលើកទី១ នៅមណ្ឌលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១-ឧសភា, លើកទី២ នៅមណ្ឌលបាត់ដំបង កាលពីថ្ងៃទី២១-មិថុនា និងលើកទី៣ នៅមណ្ឌលសៀមរាប កាលពីថ្ងៃទី២៦-កក្កដា មុនបន្ដការប្រកួតវគ្គជម្រុះជាលើកទី២ នៅមណ្ឌលភ្នំពេញនាថ្ងៃទី២២ ខែសីហា និងការប្រកួតជុំផ្ដាច់ព្រ័ត្រថ្នាក់ជាតិ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខនៅរាជធានីភ្នំពេញ៕









