FIFA ប្រកាសផ្តល់ប្រាក់ ៤០លានដុល្លារ ចំពោះបណ្តាប្រទេសគាំទ្រគម្រោងការថ្មី ដែលកំពុងចម្រូងចម្រាស់

29-07-2026 20:29

(បរទេស)៖ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានសរសេរសំបុត្រផ្ញើទៅគ្រប់បណ្តាទាំង ២១១ប្រទេសជាសមាជិក និងប្រកាសផ្តល់ប្រាក់ ៤០លានដុល្លារទៀតផង ប្រសិនបើប្រទេសទាំងនោះ គាំទ្រចំពោះគម្រោងការថ្មី ក្នុងការលក់ភាគហ៊ុនក្នុងកម្មវិធីធំៗខាងមុខ។

លោក Infantino បានបញ្ជាក់ពីថ្ងៃផុតកំណត់ត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់គ្រប់សហព័ន្ធនានាទាំងអស់ ក្នុងការទទួលយកគម្រោងការថ្មី និងប្រសិនបើចង់បន្ថែមលើប្រាក់ឧបត្ថម្ភបច្ចុប្បន្នដែលមាន ២០លានដុល្លារនោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់កំពូលមួយនេះបានគូសបញ្ជាក់ថា ខ្លួនចង់បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ទាល់ខ្លួន ដើម្បីគ្រប់គ្រងទៅលើការប្រកួតធំៗរួមទាំង World Cup ទៀតផង ហើយវិនិយោគិនខាងក្រៅ ក៏អាចទិញភាគហ៊ុន FIFA បានដែរ។

ទោះជាយ៉ាងណា ការប្រកាសផ្តល់ប្រាក់លើកទឹកចិត្តខាងលើនេះត្រូវបានធ្វើឡើង មានរយៈពេលមិនដល់ ២៤ម៉ោងផង បន្ទាប់ពីសេចក្តីថ្លែងការណ៍ថ្កោលទោស និងបានធ្វើឱ្យប៉ះពាល់ដល់គ្រឹះកីឡាបាល់ទាត់ពីសំណាក់សហព័ន្ធនៅអឺរ៉ុប អាស៊ី និងតំបន់អាមេរិកខាងជើងជាដើម។

លោក Infantino ត្រូវគេចោទថា ពុំបានជូនដំណឹងដល់សមាជិកដែលជាអនុប្រធាន FIFA ទាំង ៨នាក់ របស់ខ្លួនផងដែរអំពីគម្រោងការថ្មីដែលអាចរកប្រាក់ចំណូលបានដល់ជាង ១០ពាន់លានដុល្លារឯណោះ ដោយលោកបានចុះហត្ថលេខានៅលើគម្រោងដែលបានបរិយាយមានដល់ទៅ ៥ទំព័រ។

នៅក្នុងលិខិតនោះដែរក៏មានចុះកាលបរិច្ឆេទផុតកំណត់ និងទទួលបាន ២០លានដុល្លារភ្លាមៗតែម្តងចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ចំពោះសហព័ន្ធណាឆ្លើយតបជាវិជ្ជមាន និងគាំទ្រគម្រោងការថ្មីនេះ៕