Nvidia កំពុងចរចាធានាទុនឥណទាន ២៥០ប៊ីលានដុល្លារ ឱ្យ OpenAI ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ 10-Gigawatt ធំបំផុតក្នុងលោក

30-07-2026 09:38

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតបន្ទះឈីប AI ធំបំផុតក្នុងលោក Nvidia កំពុងស្ថិតនៅក្នុងការចរចាជាន់ខ្ពស់ ដើម្បីធ្វើជា «អ្នកធានាហិរញ្ញវត្ថុ (Financial Guarantor)» លើកម្ចីឥណទានទំហំរហូតដល់ ២៥០ប៊ីលានដុល្លារ (២៥០ពាន់លានដុល្លារ) សម្រាប់ក្រុមហ៊ុន OpenAI ក្នុងគោលដៅគាំទ្រដល់គម្រោងកសាងមជ្ឈមណ្ឌលទិន្នន័យ AI (Data Center) ដ៏ធំបំផុតមួយនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយព័ត៌មានស៊ើបអង្កេតពីប្រភពឧស្សាហកម្មបច្ចេកវិទ្យាសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កញ្ចប់ឥណទានដ៏សន្ធឹកសន្ធាប់នេះ នឹងត្រូវយកទៅប្រៀបរៀបចំកិច្ចសន្យាជួលមជ្ឈមណ្ឌលទិន្នន័យ AI កម្លាំងថាមពល 10-Gigawatt ដែលកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ SoftBank នៅភាគខាងត្បូងរដ្ឋអូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក។

ចំណុចកត់សម្គាល់គឺ Nvidia មិនមែនជាអ្នកចាក់លុយស្រស់ ២៥០ប៊ីលានដុល្លារដោយផ្ទាល់នោះទេ ប៉ុន្តែ Nvidia នឹងដើរតួជា «ខ្នងបង្អែកធានាការប្រាក់ និងបំណុល» ឱ្យទៅធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗ ដែលជាកត្តាធ្វើឱ្យធនាគារហ៊ានបញ្ចេញឥណទានទំហំមហាសាលនេះឱ្យ OpenAI ដោយកាត់បន្ថយហានិភ័យទូទាត់សង។ លើសពីនេះ ប្រភពថាមពលអគ្គិសនីសម្រាប់ទីតាំងកម្រិត 10-Gigawatt នេះ ត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ជប៉ុន ដោយមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ជាអ្នកផ្ទៀងផ្ទាត់ និងសម្រេចលើសិទ្ធិចូលប្រើប្រាស់ថាមពល។

ខណៈដែល OpenAI កំពុងដឹកនាំការចរចាដើរមុខគេ ក្រុមហ៊ុនគូប្រជែងធំៗដូចជា Anthropic, Microsoft និង Google ក៏ត្រូវបានរាយការណ៍ថា បានបោះជំហានចូលពិភាក្សាជុំវិញគម្រោងថាមពលមហាសាលនេះដូចគ្នាដែរ៕