FIFA បើកការស៊ើបអង្កេត ដើម្បីប្រឆាំងកីឡាករអាហ្សង់ទីន ពេលប៉ះទង្គិចជាមួយអេស្ប៉ាញ ក្រោយចប់ World Cup 2026

30-07-2026 09:40

(បរទេស)៖ គណៈកម្មាធិការវិន័យសហព័ន្ធ FIFA បានបើកដំណើរការនីតិវិធី ដើម្បីប្រឆាំងទៅនឹងក្រុមកីឡាករអាហ្សង់ទីន ជុំវិញអាកប្បកិរិយារបស់ពួកគេ ក្រោយចាញ់ផ្តាច់ព្រ័ត្រ World Cup 2026 ក្រោមស្នាដៃរបស់អេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការប្រទូស្តរាយគ្នាមួយប្រាវបានកើតមានឡើង បន្ទាប់ពីអាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួត នៅពេលគោជល់អេស្ប៉ាញបានឈ្នះជើងឯក World Cup ជាលើកទី២ របស់ពួកគេកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

ទោះជាយ៉ាងណា ស្ថាប័នគ្រប់គ្រងបាល់ទាត់កំពូលបានដៅចំណុច ចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន New Jersey ស្ថិតក្នុងទីក្រុង New York សហរដ្ឋអាមេរិក ជាមួយនឹងកីឡាករ និងមន្រ្តីកីឡាអាហ្សង់ទីនច្រើនរូប បានចូលរួមក្នុងការប៉ះទង្គិចគ្នា ក្រោយចាញ់ ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដង។

ក្នុងការស៊ើបអង្កេតបានរកឃើញថា កីឡាករអាហ្សង់ទីន Nahuel Molina ល្មើស ២ករណី, Leandro Paredes ៣ករណី, គ្រូជំនួយ Roberto Ayala ១ករណី នៃមាត្រា ១៤ របស់ FIFA។

លើសពីនេះទៀត Molina ក៏ប្រឈមមុខនឹងការល្មើស ១ករណីទៀត តាមរយៈបញ្ចេញអាកប្បកិរិយាមិនសមជាអ្នកកីឡា ក្នុងមាត្រា ១៤ដដែល គ្រាដែលមិត្តរួមក្រុម Thiago Almada និងខ្សែបម្រើអេស្ប៉ាញ Gavi ក៏មានជាប់ពាក់ព័ន្ធករណីនេះដែរ។

យ៉ាងណាក៏ដោយ ស្ថិតក្រោមក្រមវិន័យ FIFA កីឡាករ និងមន្រ្តីកីឡា ប្រឈមមុខនឹងបម្រាមដកបញ្ឈរជើងយ៉ាងហោច ណាស់ ១-៣ប្រកួត និងពិន័យជាប្រាក់មួយចំនួនទៀតផង។

លើសពីនេះទៀត អាហ្សង់ទីនស្ថិតនៅតំបន់អាមេរិកឡាទីន ក៏បានកំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ ករណីលើកបដាពីដែនកោះ Falkland Islands ដែលជាការប្រើប្រាស់សារនយោបាយ ក្នុងកីឡា៕