ធនាគារ អេស៊ីលីដា ជាប់ចំណាត់ថ្នាក់ «Top 1000 World Banks 2026»

30-07-2026 11:39

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្ហាញមោទនភាពយ៉ាងខ្លាំង​ ដោយបានក្លាយជាធនាគារខ្មែរតែមួយគត់ ដែលត្រូវបានទទួលស្គាល់ និងជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី «Top 1000 World Banks 2026» ដែលរៀបចំឡើងដោយទស្សនាវដ្ដីហិរញ្ញវត្ថុដ៏ល្បីល្បាញ THE BANKER។

ក្នុងឆ្នាំ២០២៦ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណាត់ថ្នាក់លេខរៀងទី៧៨៥ ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ពីចំណាត់ថ្នាក់ទី៧៩២ កាលពីឆ្នាំ២០២៥។ ការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺដោយសារធនាគារ អេស៊ីលីដា មានចំណុចខ្លាំងស្នូលចំនួន ៥ រួមមាន៖ ដើមទុនកម្រិតទី១ មាន​ចំនួន ១.២២៣ លានដុល្លារអាមេរិក, ទ្រព្យសកម្មសរុប មានចំនួន១២.០០២ លានដុល្លារអាមេរិក, ប្រាក់ចំណេញមុនបង់ពន្ធ ចំនួន​២៥០ លានដុល្លារអាមេរិក, ភាពរឹងមាំជាមួយនឹងសមាមាត្រដើមទុនធៀបនឹងទ្រព្យសកម្ម ១០,១៩% និងលទ្ធផលសម្រេចបាននូវផលចំណេញលើដើមទុន ១៦,៣៣% និងផលចំណេញលើទ្រព្យសកម្ម ១,៦៦%។

ការទទួលស្គាល់ជាអន្តរជាតិនេះ មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីតម្លាភាពហិរញ្ញវត្ថុ សមត្ថភាព និងសុវត្ថិភាពប្រព័ន្ធរបស់ធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសបញ្ជាក់អំពីការអភិវឌ្ឍ និងការប្រកួតប្រជែងដ៏រឹងមាំនៅក្នុងតំបន់ផងដែរ។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់ៗចំនួន ៤ បន្ថែមទៀត រួមមាន សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

កំណើនលូតលាស់ដ៏គួរឲ្យកត់សម្គាល់នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មានសារៈសំខាន់របស់ធនាគារ អេស៊ីលីដា ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ នវានុវត្តន៍ និងឧត្តមភាពក្នុងការផ្តល់សេវាកម្ម ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ទាំងមូល​៕