លំហូរសាច់ប្រាក់ Meta ធ្លាក់ចុះគំហុក ៩១% ខណៈ Mark Zuckerberg បង្កើនការចំណាយមហាសាលលើ AI
30-07-2026 12:50
(បរទេស)៖ ក្រុមហ៊ុន Meta Platforms (ក្រុមហ៊ុនមេរបស់ Facebook និង Instagram) បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងគំហុកនៃ «លំហូរសាច់ប្រាក់ (Free Cash Flow)» រហូតដល់ ៩១% នៅក្នុងត្រីមាសទីពីរ ពោលគឺធ្លាក់ចុះពី ៨,៥៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន មកសល់ត្រឹម ៧៨៤ លានដុល្លារប៉ុណ្ណោះ។ ការធ្លាក់ចុះយ៉ាងគំហុកនេះ បានបណ្តាលមកពីការទម្លាក់ទុនយ៉ាងសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដាំក្បាលចុះ ១០% ភ្លាមៗ នៅក្នុងការជួញដូរក្រៅម៉ោង ដោយសារអ្នកវិនិយោគបារម្ភពីការចំណាយខ្ពស់ តែផលចំណេញត្រឡប់មកវិញនៅមិនទាន់ច្បាស់លាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ទោះជាយ៉ាងណា ប្រាក់ចំណូលសរុបរបស់ Meta នៅក្នុងត្រីមាសនេះ នៅតែមានកំណើន ២៨% (កើនដល់ ៦០,៨ ពាន់លានដុល្លារ) ដោយសារអាជីវកម្មផ្សាយពាណិជ្ជកម្មស្នូលនៅតែមានដំណើរការល្អខ្លាំង ហើយចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃបានកើនឡើងដល់ ៣,៦ ពាន់លាននាក់។ ការធ្លាក់ចុះលំហូរសាច់ប្រាក់ដោយសារការសម្រុកវិនិយោគលើ AI នេះ ក៏បានកើតឡើងលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតដូចជា Alphabet (Google) និង Microsoft ផងដែរ។
ទាក់ទិននឹងការចំណាយដ៏មហាសាលនេះ លោក Mark Zuckerberg នាយកប្រតិបត្តិ (CEO) របស់ Meta បានបញ្ជាក់នៅក្នុងកិច្ចប្រជុំជាមួយអ្នកវិនិយោគថា៖ «យើងរំពឹងថាផ្នែកដ៏សំខាន់នៃសមត្ថភាពគណនា (compute) របស់យើង នឹងត្រូវប្រើយ៉ាងច្រើនសម្រាប់ការហ្វឹកហាត់ម៉ូដែល AI ការពង្រីកអាជីវកម្មស្នូល និងការផ្តល់ជូននូវភ្នាក់ងារ AI ផ្ទាល់ខ្លួន (personal agents) ព្រមទាំងផលិតផលថ្មីៗ ប៉ុន្តែយើងក៏រំពឹងថានឹងពង្រីកអាជីវកម្មដ៏ធំមួយដើម្បីបម្រើអតិថិជនសាជីវកម្មធំៗផងដែរ»។ លោកបានបន្ថែមថា ការចំណាយនេះជាការភ្នាល់ដ៏ធំមួយលើអនាគតថា ភ្នាក់ងារ AI ផ្ទាល់ខ្លួននឹងក្លាយជាអាជីវកម្មបម្រើអតិថិជនដ៏មានសក្តានុពល។ ក្រុមហ៊ុនក៏បានដំឡើងការព្យាករណ៍ចំណាយទុនសម្រាប់ឆ្នាំ ២០២៦ ដល់ចន្លោះពី ១៣០ ទៅ ១៤៥ ពាន់លានដុល្លារផងដែរ។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគមើលឃើញថាសម្ពាធហិរញ្ញវត្ថុរបស់ Meta កំពុងចាប់ផ្តើមលេចរូបរាង។ លោក Mike Proulx នាយកប្រតិបត្តិជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវ Forrester បានលើកឡើងថា៖ «ការចំណាយលើ AI របស់ Meta ងាយស្រួលក្នុងការអបអរសាទរនៅពេលដែលរឹមប្រាក់ចំណេញ (margins) កំពុងកើនឡើង។ ប៉ុន្តែវាកាន់តែពិបាកអបអរសាទរនៅពេលនេះ ដោយសារថ្លៃចំណាយទាំងនោះកំពុងស្តែងឡើងនៅក្នុងកម្រិតតួរលេខ»។ លោកបានបន្ថែមថា Meta មិនមែនចំណាយប្រាក់រាប់ពាន់លានដុល្លារ គ្រាន់តែដើម្បីធ្វើឱ្យ Facebook និង Instagram ប្រសើរជាងមុននោះទេ ប៉ុន្តែគឺដើម្បីបង្កើតអាជីវកម្មថ្មីស្រឡាងតែម្តង។
ក្រៅពីសម្ពាធវិនិយោគលើ AI Meta ក៏កំពុងប្រឈមមុខនឹងបណ្តឹងផ្លូវច្បាប់ធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក ដោយរដ្ឋចំនួនបួនទាមទារប្រាក់ពិន័យ ១,៤ ពាន់ពាន់លានដុល្លារ ក្រោមបទចោទថាបានរចនាវេទិកាធ្វើឱ្យកុមារ និងយុវជនញៀនប្រើប្រាស់។ បញ្ហាប្រឈមផ្លូវច្បាប់នេះ រួមជាមួយការចំណាយលើប្រាក់បំណាច់បញ្ឈប់បុគ្គលិកប្រមាណ ១០% (ប្រហែល ៨,០០០ នាក់) ក្នុងពេលកែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុង ដើមី្បតម្រង់ទិសឆ្ពោះទៅរក AI បានធ្វើឱ្យប្រាក់ចំណូលប្រតិបត្តិការជាក់ស្តែងរបស់ Meta ធ្លាក់ចុះ ៨% នៅក្នុងត្រីមាសនេះ៕













