ម៉ារ៉ាតុងចក្រភពអង្គរ ចុងសប្ដាហ៍នេះ ទាក់ទាញកំណើនអ្នករត់ ២៥% មកពី ៥១ប្រទេស
30-07-2026 13:23
(ភ្នំពេញ)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ មានកំណើនអ្នកចូលរួមគួរភ្ញាក់ផ្អើល ដោយកើនឡើងប្រមាណ ២៥% បើធៀបកាលពីឆ្នាំមុន។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខណៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី០២ ខែសីហាចុងសប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប។
លោកបញ្ជាក់ថា ក្រោយបិទការចុះឈ្មោះកាលពីខែមិថុនា គណៈកម្មការរៀបចំបានទទួលអ្នកចុះឈ្មោះសរុបជាង ៦,៥០០នាក់មកពី ៥១ប្រទេស។ តួលេខនេះ គឺមានការកើនឡើងច្រើនបើធៀបកាលពីឆ្នាំមុន ដែលមានអ្នកចូលរួមប្រមាណជាង ៤ពាន់នាក់ប៉ុណ្ណោះ។ នេះគឺជាសញ្ញាណមួយដ៏ល្អ សម្រាប់កីឡារដូវកាលបៃតង ឆ្លើយតបនឹងជំរុញ និងមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជំរុញឲ្យព្រឹត្តិការណ៍កាន់តែទាក់ទាញ។
ក្រៅពីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈកំណើនអត្តពលិកជាតិ-អន្ដរជាតិ ក្នុងព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកជួយដល់សេដ្ឋកិច្ច និងសង្គមជាតិ។ ទាំងអស់នេះហើយទើបរាជរដ្ឋាភិបាលបានគាំទ្រ និងជំរុញឲ្យការចូលរួមកាន់តែច្រើន ហើយគណៈកម្មការរៀបចំនឹងខិតខំសហការជាមួយគ្រប់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ដើម្បីធានាការរៀបចំប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ពិសេសរក្សាបាននូវសុខសុវត្ថិភាពជូនអ្នករត់ទាំងអស់។
ដោយឡែកពាក់ព័ន្ធនឹងមេដាយអនុស្សាវរីយ៍ គណៈកម្មការក៏បានត្រៀម និងរៀបចំរួចរាល់ សម្រាប់ផ្ដល់ជូនអត្តពលិកទាំងជាង ៦,៥០០នាក់ ដែលបានចូលរួម និងរត់ដល់ទី។ ជាមួយគ្នាលោកក៏សុំអធ្យាស្រ័យដល់កីឡាករ-កីឡាការិនី ដែលមានបំណងចង់ចូលរួម តែមិនបានចុះឈ្មោះទាន់ពេលវេលា ដោយសារគណៈកម្មការបានបិទតាមការកំណត់ ដើម្បីធានាការរៀបចំសម្ភារៈផ្សេងៗ ហើយក៏សង្ឃឹមថា ឆ្នាំក្រោយៗនឹងមានការចុះឈ្មោះលឿន ហើយមានកំណើនកាន់តែច្រើនថែមទៀត៕









