ប្រធានក្លិបកីឡារត់ជីរ៉ាន់កម្ពុជា ប្ដេជ្ញាចូលរួមបេសកកម្មអង្គការផ្កាយសមុទ្រ ដើម្បីជួយដល់កុមារកម្ពុជា
30-07-2026 17:57
(ភ្នំពេញ)៖ កញ្ញា យ៉ាន់ សុជី ស្ថាបនិក និងប្រធានក្លិបកីឡារត់ជីរ៉ាន់-កម្ពុជា បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម លើសពីសកម្មភាពកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ។ ជាក់ស្ដែងនៅថ្ងៃទី៣០ ខែកក្កដានេះ កញ្ញាបានបោះជំហានថ្មីមួយទៀត ដើម្បីចូលរួមសកម្មភាពសង្គម ដោយទទួលបានការតែងតាំងជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ (ISF) ដើម្បីចូលរួមផ្សព្វផ្សាយ និងកៀរគរមូលនិធិជួយដល់អង្គការសប្បុរសធម៌មួយនេះ។
ស្ថាបនិកក្លិបខាងលើបានឲ្យដឹងថា រយៈពេល ២ឆ្នាំមកហើយ ដែលកញ្ញាបានចូលរួមសកម្មផ្សេងៗជាមួយអង្គការ ISF ទាំងការផ្សព្វផ្សាយ និងស្វែងរកជំនួយជួយដល់អង្គការ សម្រាប់គាំទ្រដល់ការអប់រំ ការថែទាំសុខភាព និងសកម្មភាពកីឡាក្នុងសហគមន៍ជាដើម។ ដូច្នេះក្រោយទទួលបានសេចក្ដីទុកចិត្តពីអង្គការ កញ្ញាបានប្ដេជ្ញានឹងបន្ដសកម្មភាពទាំងអស់នេះកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីចូលរួមជំរុញសក្ដានុពលរបស់អង្គការឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយចីរភាព។
គ្រូបង្រៀន (ភាសាខ្មែរ និងភាសាអង់គ្លេស) និងជាគ្រូបង្វឹកប្រចាំក្លិបជីរ៉ាន់កម្ពុជាដដែលបន្ដថា «ខ្ញុំស្គាល់អង្គការផ្កាយសមុទ្រយូរមកហើយ។ ខ្ញុំឃើញបេសកកម្មរបស់អង្គការ ស្របនឹងអ្វីដែលជាចក្ខុវិស័យរបស់ក្លិបកំពុងដំណើរការដែរ គឺយើងអប់រំកុមារ ទាំងចំណេះវិជ្ជា ចរិយាសម្បទា និងកាយសម្បទា ហើយទាំងអស់នេះ ខ្ញុំជឿជាក់ថា នឹងធ្វើឲ្យកុមារមានភាពរឹងមាំ ទាំងផ្លូវកាយ និងបញ្ញាស្មារតី ដែលអាចក្លាយជាធនធានប្រកបដោយសក្ដានុពល និងមានប្រសិទ្ធភាពសម្រាប់សង្គមជាតិយើងនៅថ្ងៃអនាគត»។
ជាមួយគ្នា អ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិអង្គការ ISF បានបង្ហាញសុទិដ្ឋិនិយម ចំពោះវត្តមានប្រធានក្លិបខាងលើ នឹងក្លាយជាគំរូមួយដ៏ល្អ ក្នុងនាមជាគ្រូបង្រៀនផង និងប្រធានក្លិបកីឡាផង នឹងអាចផ្ដល់នូវការលើកទឹកចិត្ត ក៏ដូចជាចែករំលែកនូវភាពរឹងមាំ និងឆន្ទៈដ៏ក្លាហានរបស់ខ្លួនដល់ក្មេងៗជំនាន់ក្រោយ ពិសេសគឺការរួមចំណែកផ្សព្វផ្សាយ និងកៀរគៀរមូលនិធិជួយដល់អង្គការ សម្រាប់ផ្ដល់ការគាំទ្រដល់កម្មវិធីអប់រំ កីឡា និងសហគមន៍តែម្ដង៕










