Sony លេចមុខស្នើសុំទិញយក Tamron ដើម្បីពង្រឹងអាជីវកម្មផលិតឡេន និងកាមេរ៉ារបស់ខ្លួន

31-07-2026 09:10

(បរទេស)៖ ក្រុមហ៊ុនផលិតកញ្ចក់ឡេនកាមេរ៉ាជប៉ុន Tamron បានប្រកាសថា ខ្លួនបានទទួលសំណើទិញយកក្រុមហ៊ុនទាំងស្រុងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Sony Group ហើយបច្ចុប្បន្នបានបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីពិនិត្យ និងវាយតម្លៃលើជម្រើសនេះ។ ថ្វីត្បិតតែព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនទាន់ត្រូវ បានទម្លាយ ប៉ុន្តែដំណឹងនេះបានធ្វើឱ្យភាគហ៊ុនរបស់ Tamron ស្ទុះឡើងយ៉ាងខ្លាំងនៅលើទីផ្សារភាគហ៊ុនតូក្យូ ខណៈដែលក្រុមហ៊ុននេះមានតម្លៃទីផ្សារប្រមាណ ១,១៨ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ការទិញយកនេះត្រូវគេមើលឃើញថានឹងជួយពង្រឹងទីផ្សារឧបករណ៍ថតរូបរបស់ Sony យ៉ាងខ្លាំង។ អ្នកនាំពាក្យរបស់ Sony បានថ្លែងថា ក្រុមហ៊ុនជឿជាក់ថា៖ «សំណើនេះនឹងជួយលើកកម្ពស់តម្លៃសាជីវកម្មរបស់ Tamron និងផលប្រយោជន៍របស់អ្នកពាក់ព័ន្ធ ហើយថែមទាំងរួមចំណែកដល់ការអភិវឌ្ឍអាជីវកម្មរូបភាព (Imaging business) របស់ Sony ទៀតផង»។ បច្ចុប្បន្ន Sony គឺជាក្រុមហ៊ុនផលិតកាមេរ៉ា និងសេ​នស័ររូបភាពឈានមុខគេ ហើយកាន់កាប់ភាគហ៊ុន ១៤,៧% នៅក្នុង Tamron រួចទៅហើយ ខណៈដែល Tamron គឺជាអ្នកផ្គត់ផ្គង់កញ្ចក់ឡេនឱ្យ Sony ព្រមទាំងក្រុមហ៊ុនគូប្រជែងដូចជា Nikon និង Canon ផងដែរ។

គួរជម្រាបថា ដំណឹងនៃការស្នើសុំទិញយកនេះបានកើតឡើងបន្ទាប់ពី Tamron (ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥០) បានរាយការណ៍ថាប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំ២០២៥ របស់ខ្លួនបានធ្លាក់ចុះ ១៣% មកត្រឹម ១៦,៧ ពាន់លានយ៉េន (ប្រហែល ១០២,១៥ លានដុល្លារ)។ ចំណែកឯ Sony វិញ ក៏កំពុងជួបសម្ពាធលើតម្លៃភាគហ៊ុនដោយសារក្តីបារម្ភពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការឡើងថ្លៃនៃបន្ទះឈីបអង្គចងចាំ ទោះបីជាក្រុមហ៊ុនរំពឹងថានឹងទទួលបានចំណេញច្រើនពីការចេញផ្សាយហ្គេម «Grand Theft Auto VI» នៅខែវិច្ឆិកាខាងមុខនេះក៏ដោយ៕