ក្រុមហ៊ុន Apple រាយការណ៍ពីចំណូល និងប្រាក់ចំណេញកើនឡើងលើសការរំពឹងទុក ដោយសារការលក់ iPhone និង Mac ស្ទុះងើបខ្លាំង

31-07-2026 10:30

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសពីលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ដែលមានប្រាក់ចំណូល និងចំណេញកើនឡើងលើសពីការរំពឹងទុករបស់ផ្សារភាគហ៊ុន Wall Street ដោយសារតម្រូវការទិញទូរស័ព្ទ iPhone និងកុំព្យូទ័រ MacBook មានការកើនឡើងយ៉ាងខ្លាំង។

តាមរបាយការណ៍ ប្រាក់ចំណូលសរុបទទួលបាន ១០៩.៤២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦.៤% ធៀបនឹងរដូវកាលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគដែលគិតថាទទួលបាន ១០៨.៦៥ ពាន់លានដុល្លារ។ ងាកមក ប្រាក់ចំណេញក្នុងមួយភាគហ៊ុន ទទួលបាន ២.០២ ដុល្លារ ក្នុងមួយភាគហ៊ុន (រួមបញ្ចូលទាំងប្រាក់បង្វិលពន្ធគយ ១១សេនពីរដ្ឋាភិបាលអាមេរិក)។ បើទោះបីជាមិនរាប់បញ្ចូលប្រាក់បង្វិលពន្ធនេះក៏ដោយ ក៏ប្រាក់ចំណេញនៅតែខ្ពស់ជាងការរំពឹងទុក ១.៨៩ ដុល្លាររបស់ Wall Street ដែរ។ ការលក់ iPhone បានកើនឡើង ២១.៧% រហូតដល់ ៥៤.២៥ ពាន់លានដុល្លារ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ត្រីមាសទី ៣ របស់ក្រុមហ៊ុន។ ការលក់ Mac វិញបានស្ទុះងើបឡើងយ៉ាងខ្លាំង ២៨.៧% ទទួលបាន ១០.៣៥ ពាន់លានដុល្លារ ដោយសារការពេញនិយមនៃម៉ូឌែល MacBook Neo និង MacBook Pro។

នាយកប្រតិបត្តិ Apple លោក Tim Cook បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថា បញ្ហាប្រឈមចម្បងដែលក្រុមហ៊ុនបានជួបប្រទះក្នុងត្រីមាសនេះ គឺការខ្វះខាតបច្ចេកវិទ្យាផលិតបន្ទះឈីបកម្រិតខ្ពស់ នៅក្នុងឧស្សាហកម្ម ដែលត្រូវប្រើប្រាស់សម្រាប់ផលិតបន្ទះឈីប Apple Silicon។
លោក Cook បានបញ្ជាក់ថា៖ «ប្រសិនបើអ្នកមើលទៅលើមូលហេតុឫសគល់ វាគឺដោយសារតែយើងមានវដ្តផលិតផលដែលទទួលបានការគាំទ្រខ្លាំងហួសពីការរំពឹងទុក ហើយខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបមិនមានភាពបត់បែនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ខ្ពស់នេះទេ»។

ទោះបីជាលទ្ធផលត្រីមាសទី៣ ទទួលបានជោគជ័យខ្លាំងក៏ដោយ Apple បានព្យាករណ៍ថា កំណើនចំណូលសម្រាប់ត្រីមាសបន្ទាប់ អាចនឹងមានចន្លោះពី ៩% ទៅ ១១% ដែលទាបជាងការរំពឹងទុក ១២% របស់ Wall Street បន្តិច ដោយសារផលប៉ះពាល់នៃការរឹតបន្តឹងក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សមាសភាគគ្រឿងបន្លាស់៕