Tesla អាចពិចារណាលក់អាជីវកម្មនៅចិន ដើម្បីបើកផ្លូវឱ្យមានការរួមបញ្ចូលគ្នាជាប្រវត្តិសាស្ត្រជាមួយ SpaceX

31-07-2026 11:51

(បរទេស)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal (WSJ) ថ្នាក់ដឹកនាំក្រុមហ៊ុន Tesla ត្រូវបានគេណែនាំឱ្យរៀបចំផែនការបំបែកអាជីវកម្មរបស់ខ្លួនចេញពីប្រទេសចិន រួមមានជម្រើសបំបែកក្រុមហ៊ុន លក់ ឬបិទតែម្តង ដើម្បីបើកផ្លូវឱ្យមានការរួមបញ្ចូលគ្នាដ៏ធំសម្បើមជាមួយក្រុមហ៊ុនរ៉ុក្កែត SpaceX។ មូលហេតុចម្បងនៃការពិចារណាលើការលះបង់ទីផ្សារចិននេះ គឺដោយសារឧបសគ្គផ្នែកភូមិសាស្ត្រនយោបាយ និងបទប្បញ្ញត្តិច្បាប់ ជាពិសេសពាក់ព័ន្ធនឹងសន្តិសុខជាតិ ព្រោះ SpaceX គឺជាអ្នកម៉ៅការការពារជាតិដ៏សំខាន់របស់រដ្ឋាភិបាលអាមេរិក ខណៈដែល Tesla មានរោងចក្រ Gigafactory Shanghai ជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញដ៏ធំបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ដើម្បីកាត់បន្ថយហានិភ័យផ្នែកនយោបាយ លោក Elon Musk ក៏ធ្លាប់បានណែនាំឱ្យរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនដោយដាក់ «ខណ្ឌចែកយ៉ាងច្បាស់ (Laser)» រវាងអាជីវកម្មនៅអាមេរិក និងចិន ដើម្បីធានាថា ប្រសិនបើមានជម្លោះរវាងប្រទេសទាំងពីរ យ៉ាងហោចណាស់ភាគី Tesla នៅអាមេរិកអាចបន្តដំណើរការបាន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានពិភាក្សាលើការបង្កើតអង្គភាពលក់ដាច់ដោយឡែកមួយសម្រាប់គ្រប់គ្រងការនាំចេញពីរោងចក្រស៊ាងហៃ និងកម្រិតបុគ្គលិកនៅចិនមិនឱ្យចូលប្រើប្រាស់ប្រព័ន្ធក្រុមហ៊ុនដទៃទៀតឡើយ។ បញ្ហានេះស្តែងឱ្យឃើញពីភាពស្មុគស្មាញយ៉ាងខ្លាំង ដោយសារចិនជាទីផ្សារធំបំផុតទីពីររបស់ Tesla ហើយរោងចក្រស៊ាងហៃប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុកចិនរហូតដល់ជាង ៩៥% និងរួមចំណែកផលិតរថយន្តជិតពាក់កណ្តាលនៃការដឹកជញ្ជូនសរុបនៅលើពិភពលោក។

ថ្វីបើមានឧបសគ្គផ្លូវច្បាប់ និងការព្រមានពីអ្នកវិភាគ JPMorgan អំពី «បញ្ហាប្រឈមជាក់ស្តែង (Practical bottleneck)» ក្នុងការសុំការអនុម័តពីអាជ្ញាធរក៏ដោយ លោក Elon Musk មិនបានបដិសេធលទ្ធភាពនៃការបូកបញ្ចូលគ្នានេះឡើយ ដោយលើកឡើងពីចំណុចទាក់ទង និងជាន់ដែនសមត្ថកិច្ចគ្នា (Overlap) កាន់តែច្រើនរវាងក្រុមហ៊ុនទាំងពីរ ជាពិសេសលើគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យា AI ស្របគ្នា។ ស្របគ្នានេះដែរ ប្រធានប្រតិបត្តិការ (COO) របស់ SpaceX លោកស្រី Gwynne Shotwell បានប្រាប់ទូរទស្សន៍ CNBC ថា ការបូកបញ្ចូលក្រុមហ៊ុនទាំងពីរចូលគ្នា «អាចធ្វើឱ្យជីវិតរបស់ Elon ងាយស្រួលជាងមុនបន្តិច» តាមរយៈការសម្រួលដល់ការគ្រប់គ្រង។ បច្ចុប្បន្ន SpaceX មានតម្លៃទីផ្សាររហូតដល់ ១.៤៨ ពាន់ពាន់លានដុល្លារ ខណៈដែល Tesla មានតម្លៃ ១.២២ ពាន់ពាន់លានដុល្លារ ដែលការរួមបញ្ចូលគ្នានេះអាចបង្កើតបានជាអាណាចក្រអាជីវកម្មដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោក៕