ច្បាប់ហាមឃាត់បរាជ័យ? កុមារអូស្ត្រាលីជាង ៨០% នៅតែបន្តប្រើបណ្តាញសង្គម ទោះច្បាប់ចូលជាធរមាន ៣ខែក៏ដោយ

31-07-2026 12:58

(បរទេស)៖ យោងតាមការសិក្សាថ្មីមួយរបស់ភ្នាក់ងារគ្រប់គ្រងសុវត្ថិភាពអ៊ីនធឺណិតអូស្ត្រាលី (eSafety) បានឱ្យដឹងថា កុមារ និងយុវជនអូស្ត្រាលីច្រើនជាង ៨ ក្នុងចំណោម ១០នាក់ (លើសពី ៨១%) នៅតែបន្តប្រើប្រាស់បណ្តាញសង្គមដដែល បន្ទាប់ពីច្បាប់ហាមឃាត់ជាប្រវត្តិសាស្ត្រលើកុមារអាយុក្រោម ១៦ឆ្នាំ បានចូលជាធរមានរយៈពេល ៣ខែមក។ មូលហេតុចម្បងដែលនាំឱ្យច្បាប់ដំបូងគេលើពិភពលោកនេះមិនទាន់មានប្រសិទ្ធភាព គឺដោយសារក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗ បរាជ័យក្នុងការអនុវត្តប្រព័ន្ធត្រួតពិនិត្យ និងផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

របាយការណ៍ដែលបានប្រៀបធៀបទិន្នន័យពីកុមារ និងគ្រួសារជាង ៤,០០០ គ្រួសារ បានបង្ហាញថា ប្រហែលពាក់កណ្តាលនៃកុមារដែលនៅតែរក្សាគណនីបាន អះអាងថា ក្រុមហ៊ុនបណ្តាញសង្គមមិនបានពិនិត្យអាយុរបស់ពួកគេឡើយ ខណៈអ្នកខ្លះទៀតបានបន្លំដាក់អាយុលើស ១៦ឆ្នាំ ឬប្រព័ន្ធផ្ទៀងផ្ទាត់គណនាអាយុខុស។ eSafety បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «កុមារអាយុក្រោម ១៦ឆ្នាំភាគច្រើនដែលមានគណនីបណ្តាញសង្គមមុនពេលច្បាប់ចូលជាធរមាន គឺនៅតែអាចរក្សាគណនីចាស់ ឬបង្កើតគណនីថ្មីបាននៅក្នុងរយៈពេល ៣ខែមកនេះ ដោយសារតែការបរាជ័យរបស់ក្រុមហ៊ុនបណ្តាញសង្គមក្នុងការអនុវត្តវិធានការផ្ទៀងផ្ទាត់អាយុដែលមានប្រសិទ្ធភាព គឺជាមូលហេតុចម្បង»

ជាការឆ្លើយតប រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសកាលពីខែមិថុនាថា ខ្លួននឹងដំឡើងប្រាក់ពិន័យអតិបរមាទ្វេដងលើក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយណាដែលល្មើសច្បាប់ និងពង្រឹងអំណាចផ្លូវច្បាប់ដើម្បីបង្ខំឱ្យក្រុមហ៊ុនទាំងនោះបង្ហាញភស្តុតាងពីវិធានការទប់ស្កាត់កុមារ។ បច្ចុប្បន្ន អាជ្ញាធរកំពុងបើកការស៊ើបអង្កេតលើក្រុមហ៊ុនយក្សចំនួន ៥ រួមមាន Meta (Facebook/Instagram), Snapchat, TikTok និង Google (YouTube)។ ទោះជាយ៉ាងណា ភ្នាក់ងារ eSafety បានបញ្ជាក់ថា៖ «ទោះបីជាបានសង្កេតឃើញការកែលម្អខ្លះៗពីឧស្សាហកម្មនេះ... ក៏ក្តីបារម្ភនៅតែមានចំពោះការអនុវត្តតាមច្បាប់របស់ក្រុមហ៊ុនទាំង ៥» ខណៈដែលពិភពលោកកំពុងតាមដានមើលលទ្ធផលនៃច្បាប់នេះយ៉ាងយកចិត្តទុកដាក់បំផុត៕