លីគកំពូលកម្ពុជា នឹងបើកការប្រកួតរដូវកាលថ្មី នាដើមខែកញ្ញា ដោយរក្សាប្រព័ន្ធប្រកួតនៅដដែល
31-07-2026 13:18
(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានធ្វើការចាប់ឆ្នោត និងប្រកាសបើករដូវកាលឆ្នាំ២០២៦/២៧ ជាផ្លូវការហើយ ដោយលីគកំពូលកម្ពុជា (Cambodian Premier League) ឆ្នាំ២០២៦/២៧ គ្រោងនឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី នាថ្ងៃទី០៥-០៦ ខែកញ្ញាខាងមុខ។
យោងតាមពិធីចាប់ឆ្នោតនៅថ្ងៃទី៣១ ខែកក្កដានេះ បេក្ខភាពចូលរួមប្រកួតលីគរដូវកាលថ្មី គឺរក្សាចំនួន ១១ក្លិប និងប្រើប្រព័ន្ធប្រកួតដូចកាលពីរដូវកាលមុនដែរ ដោយបែងចែកជា ២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ត្រូវធ្វើការប្រកួតលក្ខណៈលីគសន្សំពិន្ទុ ២ជុំ និងដំណាក់កាលទី២ ត្រូវបែងចែក ៦ក្រុមខាងលើ (Top-6) ត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំទៀត ដើម្បីស្វែងរកក្រុមជើងឯក និងក្រុមខាងក្រោមទាំង ៥ (Bottom-5) ត្រូវបន្ដការប្រកួតសន្សំពិន្ទុ ២ជុំដូចគ្នា។
សម្រាប់បេក្ខភាពទាំង ១១ក្លិប ដែលត្រូវប្រជែងជើងឯកលីគកំពូលកម្ពុជារដូវកាលថ្មី រួមមានក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង, អង្គរថាយហ្គឺរ, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, អឹម អូ អាយ កំពង់ដេវ៉ា, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, កងយោធពលខេមរភូមិន្ទ, ឡាយហ្វ ខេត្តព្រះសីហនុ និងវិសាខា។
ចំណែកកម្មវិធីប្រកួតសប្ដាហ៍ទី១ ក្រោយការចាប់ឆ្នោត នៅថ្ងៃទី០៥ ខែកក្កដា គឺក្រុមភ្នំពេញក្រោនត្រូវជួបក្រុមភ្ញៀវណាហ្គា និងក្រុម អឹមអូអាយ កំពង់ដេវ៉ា ត្រូវជួបក្រុមអង្គរថាយហ្គឺរ។ រីឯនៅថ្ងៃទី០៦ ខែកញ្ញា គឺមានក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមភ្ញៀវវិសាខា ខណៈគិរីវង់សុខសែនជ័យ ត្រូវជួបក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង និងបឹងកេត ជួបក្រុម អាយអេសអាយ ដង្កោសែនជ័យ៕







