Elon Musk ច្រានចោលព័ត៌មានលេចឮថា Tesla រៀបចំលក់អាជីវកម្មនៅចិន ដើម្បីរួមបញ្ចូលគ្នាជាមួយ SpaceX

31-07-2026 14:03

(បរទេស)៖ លោក Elon Musk នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla បានចេញមុខបដិសេធភ្លាមៗ និងបានចាត់ទុកថាជា «ព័ត៌មានមិនពិតយ៉ាងធ្ងន់ធ្ងរ (Absurdly fake news)» ចំពោះរបាយការណ៍របស់សារព័ត៌មាន Wall Street Journal ដែលបានចុះផ្សាយថា ថ្នាក់ដឹកនាំ Tesla ត្រូវបានគេប្រាប់ឱ្យរៀបចំផែនការបំបែក លក់ ឬបិទទ្វារអាជីវកម្មរបស់ខ្លួននៅប្រទេសចិន ដើម្បីត្រៀមខ្លួនសម្រាប់ការរួមបញ្ចូលគ្នារវាង Tesla និងក្រុមហ៊ុនអវកាស SpaceX។ លោក Musk បានបញ្ជាក់យ៉ាងច្បាស់នៅលើគណនីបណ្តាញសង្គម X របស់លោកថា៖ «រឿងនេះមិនដែលទាំងត្រូវបានលើកយកមកពិភាក្សាម្តងណាឡើយ»។ នេះបើយោងតា​មការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

សារព័ត៌មាន Wall Street Journal បានផ្សាយដោយផ្អែកលើប្រភពដើមថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោក Musk បានណែនាំថ្នាក់ដឹកនាំ Tesla ឱ្យរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនដោយដាក់ «របាំងយ៉ាងរឹងមាំ (laser)» រវាងអាជីវកម្មនៅសហរដ្ឋអាមេរិក និងចិន ដោយមានគោលបំណងធានាថា ប្រសិនបើមានជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរ យ៉ាងហោចណាស់ភាគច្រើនរបស់ Tesla នៅសហរដ្ឋអាមេរិកនឹងអាចរស់រានបាន។

ការលេចឮព័ត៌មានពីការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនយក្សទាំងពីរនេះ បានបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងលើផ្នែកភូមិសាស្ត្រនយោបាយ និងបទប្បញ្ញត្តិច្បាប់ ជាពិសេសពាក់ព័ន្ធនឹងសន្តិសុខជាតិ។ មូលហេតុគឺដោយសារ SpaceX គឺជាអ្នកម៉ៅការការពារជាតិដ៏សំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ខណៈដែល Tesla ដំណើរការរោងចក្រផលិតកម្មដែលជាកម្មសិទ្ធិទាំងស្រុងនៅក្នុងប្រទេសចិន។

គួរជម្រាបថា បច្ចុប្បន្នរោងចក្រ Gigafactory របស់ Tesla នៅទីក្រុងស៊ាងហៃ នៅតែជារោងចក្រធំបំផុត និងមានផលិតភាពបំផុតរបស់ខ្លួននៅលើពិភពលោក ដោយដើរតួជាមជ្ឈមណ្ឌលនាំចេញដ៏សំខាន់សម្រាប់តំបន់អឺរ៉ុប កាណាដា និងអាស៊ីប៉ាស៊ីហ្វិក។ រោងចក្រនេះគ្របដណ្តប់លើសពីពាក់កណ្តាលនៃការប្រគល់រថយន្តសកលរបស់ Tesla ដោយមានសមត្ថភាពផលិតប្រចាំឆ្នាំលើសពី ៩៥០,០០០ គ្រឿង៕