កីឡាករអ៊ុយក្រែន Mudryk របស់ Chelsea រួចផុតបម្រាមសារធាតុញៀន ក្រោយជាប់ពិន័យជិត ២ឆ្នាំ
01-08-2026 09:46
(បរទេស)៖ ខ្សែប្រយុទ្ធស្លាប Mykhailo Mudryk របស់ក្លិបតោខៀវ Chelsea មានសេរីភាពឡើង និងអាចចូលលេងបានវិញ បន្ទាប់ពីបម្រាមដកបញ្ឈរជើងរយៈពេល ៤ឆ្នាំត្រូវបានដោះស្រាយរួចរាល់ ដែលបានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិអ៊ុយក្រែន វ័យ ២៥ឆ្នាំខាងលើនេះ ពុំបានលេងប្រកួតណា មួយឡើយ ពោលគឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីសហព័ន្ធបាល់ទាត់អង់គ្លេស FA បានរកឃើញលួចប្រើប្រាស់សារធាតុលើកកម្លាំង។ រូបគេប្តឹងជំទាស់ទៅតុលាការកីឡា Cas បានជោគជ័យវិញនាពេលថ្មីៗនេះ។
FA បានគូសបញ្ជាក់ថា ដំណើរការប្រឆាំងទៅនឹងការប្រើប្រាស់សារធាតុញៀនក្នុងកីឡារបស់ Mudryk ត្រូវបានដោះស្រាយ ដោយរូបគេក៏អាចវិលចូលទីលានបានវិញទៀតផង បន្ទាប់ពីទម្លាក់ចោលនូវការចោទប្រកាន់ខាងលើ។
ទន្ទឹមគ្នានោះ Mudryk បានថ្លែងថា «វាពិតជាអស្ចារ្យខ្លាំងណាស់ដែលអាចវិលត្រឡប់មកលេងបាល់វិញបាន ក្រោយរង់ចាំដ៏លំបាកកន្លងមក»។
តោខៀវ Chelsea ក៏បានទន្ទឹងរង់ចាំក្នុងការវិលត្រឡប់មកវិញ ចំពោះខ្សែប្រយុទ្ធ Mudryk ក្នុងការវិលត្រឡប់មកជួយ ពួកគេវិញ និងត្រៀមលេងកំដៅសាច់ដុំ មុនពេលបើករដូវកាលថ្មីចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦៕



