ទូរស័ព្ទអេក្រង់បត់ (Foldable Phones) នៅតែប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតមួយគឺ «ភាពធន់ និងការខូចខាតអេក្រង់»

01-08-2026 09:50

(បរទេស)៖ ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សទូទាំងពិភពលោកបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងផ្សព្វផ្សាយទូរស័ព្ទអេក្រង់បត់ (Foldable Phones) យ៉ាងគគ្រឹកគគ្រេងអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ ប៉ុន្តែស្មាតហ្វូនប្រភេទនេះនៅតែប្រឈមមុខនឹងបញ្ហាប្រឈមស្នូលដ៏ធំបំផុតមួយ ដែលមិនទាន់អាចដោះស្រាយបានដាច់ស្រឡះនៅឡើយ នោះគឺ «ភាពធន់នៃផ្ទៃអេក្រង់បត់ និងការបាក់ខូចខាត»។ នេះបើយោងតាមការចុះផ្សាយព័ត៌មានស៊ើបអង្កេត និងការធ្វើតេស្តបច្ចេកវិទ្យារបស់ស្ថានីយទូរទស្សន៍ KTLA (Morning News) កាលពីពេលថ្មីៗនេះ។

យោងតាមការរាយការណ៍ និងការត្រួតពិនិត្យពីអ្នកជំនាញបច្ចេកវិទ្យា ថ្វីបើបច្ចេកវិទ្យាត្រចៀកបត់ (Hinge System) មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយអាចកាត់បន្ថយស្នាមបត់ (Crease) និងការពារធូលីដីបានល្អជាងមុនក៏ដោយ ប៉ុន្តែផ្ទៃអេក្រង់បត់ខ្លួនឯងនៅតែត្រូវផលិតឡើងដោយប្រើប្រាស់ស្រទាប់ប្លាស្ទិកពិសេស ឬកញ្ចក់ស្តើងខ្លាំង ដែលងាយនឹងប្រឡាក់ ឆ្កូត ឬខូចខាតនៅពេលមានសម្ពាធខ្លាំង ឬត្រូវវត្ថុរឹងប៉ះទង្គិច។

បញ្ហានេះបានក្លាយជា «របាំងចិត្តសាស្ត្រ» ដ៏សំខាន់ដែលធ្វើឱ្យអ្នកប្រើប្រាស់ភាគច្រើននៅតែមានភាពស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរពីទូរស័ព្ទអេក្រង់រឹងធម្មតា មកប្រើប្រាស់ទូរស័ព្ទអេក្រង់បត់ដែលមានតម្លៃថ្លៃកប់ពពក។

ទោះបីជាក្រុមហ៊ុនផលិតស្មាតហ្វូនព្យាយាមទាក់ទាញអតិថិជនដោយបង្ហាញពី «ភាពទាន់សម័យ និងការប្រើប្រាស់អេក្រង់ធំ» ក៏ដោយ ការពិនិត្យមើលស៊ីជម្រៅលើទិដ្ឋភាពបច្ចេកទេស និងសេដ្ឋកិច្ច បានស្តែងឱ្យឃើញពីភាពមិនស៊ីសង្វាក់គ្នានៃតក្កវិជ្ជារបស់ទីផ្សារលើចំណុចមួយចំនួន ដូចជា សារធាតុណាដែលអាចបត់បែនបានរាប់សែនដង ដោយមិនបាក់ គឺទាមទារឱ្យមានភាពទន់។ ផ្ទុយទៅវិញ សារធាតុដែលអាចការពារការឆ្កូត និងធន់នឹងការប៉ះទង្គិច (ដូចជាកញ្ចក់ Gorilla Glass) គឺទាមទារឱ្យមានភាពរឹង។

ក្រុមហ៊ុនផលិតទូរស័ព្ទមិនអាចបំពានច្បាប់រូបវិទ្យានេះបានឡើយ។ ដរាបណាអេក្រង់នៅតែត្រូវបត់ នោះវាមិនអាចមានភាពរឹងមាំ និងធន់នឹងការឆ្កូតដូចកញ្ចក់ទូរស័ព្ទធម្មតានោះទេ។ ការអះអាងពី «ភាពធន់ឥតខ្ចោះ» របស់ក្រុមហ៊ុនគ្រាន់តែជាយុទ្ធសាស្ត្រទីផ្សារ ប៉ុន្តែមិនទាន់អាចដោះស្រាយបញ្ហារូបវិទ្យានៅក្នុងពិភពពិតបាននៅឡើយទេ។

ការផ្លាស់ប្តូរអេក្រង់បត់ដែលខូចខាត មានតម្លៃថ្លៃខ្លាំង រហូតដល់ទៅ ៣០% ទៅ ៥០% នៃតម្លៃទូរស័ព្ទថ្មីទាំងមូល ដោយសារតែអេក្រង់ និងត្រចៀកបត់ត្រូវផ្លាស់ប្តូរភ្ជាប់គ្នជាកញ្ចប់។ កត្តានេះធ្វើឱ្យតម្លៃទូរស័ព្ទអេក្រង់បត់ធ្លាក់ចុះលឿនខ្លាំងនៅលើទីផ្សារមួយទឹក ព្រោះអតិថិជនទិញបន្តប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការចំណាយលុយជួសជុល ស្របពេលដែលរយៈពេលធានា (Warranty) ត្រូវបានផុតកំណត់។

ទូរស័ព្ទអេក្រង់បត់ភាគច្រើនមានតម្លៃចាប់ពី ១,០០០ ដុល្លារ ដល់ជិត ២,០០០ ដុល្លារ ប៉ុន្តែសមត្ថភាពកាមេរ៉ា និងទំហំថ្មជាទូទៅនៅតែចាញ់ ឬស្មើត្រឹមទូរស័ព្ទម៉ូដែលកំពូល (Flagship) អេក្រង់រឹងធម្មតាដែលមានតម្លៃធូរថ្លៃជាង។ សម្រាប់អ្នកប្រើប្រាស់ទូទៅ ការទទួលបានអេក្រង់ធំជាងមុនបន្តិច មិនទាន់ស្មើនឹងការលះបង់នូវ «ភាពធន់ និងភាពស្ងប់ចិត្ត» ក្នុងការប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ៕