MediaTek ត្រៀមបោះទុន ៥ពាន់លានដុល្លារ វាយលុកទីផ្សារឈីប AI សម្រាប់ Data Center ដើម្បីកាត់បន្ថយការពឹងផ្អែកលើទូរស័ព្ទដៃ

01-08-2026 13:01

(បរទេស)៖ ក្រុមហ៊ុន MediaTek ដែលជាក្រុមហ៊ុនរចនាបន្ទះឈីបធំជាងគេបង្អស់របស់តៃវ៉ាន់ បានអនុម័តកញ្ចប់ថវិកាហិរញ្ញវត្ថុចំនួន ៥ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការលូតលាស់រយៈពេលវែង ជាមួយនឹងផែនការយុទ្ធសាស្ត្រពង្រីកការផលិតបន្ទះឈីប AI សម្រាប់មជ្ឈមណ្ឌលទិន្នន័យ (Data Center)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ជំហានថ្មីនេះ បង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការកាត់បន្ថយការពឹងផ្អែកលើទីផ្សារទូរស័ព្ទស្មាតហ្វូន ហើយបង្វែរមកប្រកួតប្រជែងដើរតួជាអ្នកផ្គត់ផ្គង់បន្ទះឈីប AI កម្ម៉ង់ពិសេស (Custom AI Chips ឬ ASICs) ជូនដល់ក្រុមហ៊ុនផ្តល់សេវាកម្មក្លោដ (Cloud Providers) ធំៗលើពិភពលោក។

ទោះបីជាទីផ្សារឈីប AI នាពេលបច្ចុប្បន្នត្រូវបានក្តោបក្តាប់ដោយក្រុមហ៊ុនយក្សមួយចំនួនតូចក៏ដោយ ការកើនឡើងយ៉ាងរហ័សនៃការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ AI បានផ្តល់ឱកាសមាសសម្រាប់ MediaTek ក្នុងការប្រឡូកចូលក្នុងអាជីវកម្មដែលមានការកើនឡើងលឿន និងផ្តល់ផលចំណេញខ្ពស់។ លោក Rick Tsai នាយកប្រតិបត្តិ (CEO) របស់ MediaTek បានថ្លែងក្នុងកិច្ចប្រជុំរបាយការណ៍ហិរញ្ញវត្ថុថា «ក្របខ័ណ្ឌការងារដ៏បត់បែននេះ ផ្តល់ឱ្យយើងនូវជម្រើសក្នុងការគាំទ្រដល់ការកើនឡើងរយៈពេលវែងរបស់យើងយ៉ាងរហ័ស និងទាញយកផលប្រយោជន៍ពីឱកាសដ៏មហាសាល នៅក្នុងវិស័យមជ្ឈមណ្ឌលទិន្នន័យ»។

ផ្អែកលើឱកាសទីផ្សារនេះ MediaTek បានដំឡើងការប៉ាន់ប្រមាណទំហំទីផ្សារសរុបនៃបន្ទះឈីប AI កម្ម៉ង់ពិសេសនៅត្រឹមឆ្នាំ ២០២៧ រហូតដល់ ៨០ ពាន់លានដុល្លារ (កើនពី ៧០-៨០ ពាន់លានដុល្លារ) ព្រមទាំងដំឡើងគោលដៅដណ្តើមទីផ្សារនេះឱ្យបានពី ១៥% ទៅ ២០%។ លោក Tsai បានបញ្ជាក់ថា បន្ទះឈីប AI ដំបូងគេរបស់ខ្លួនត្រូវបានអភិវឌ្ឍដោយជោគជ័យហើយ ដោយនឹងចាប់ផ្តើមផលិតនៅត្រីមាសទី ៤ ឆ្នាំនេះ ខណៈបន្ទះឈីបជំនាន់ទីពីរនឹងផលិតទ្រង់ទ្រាយធំនៅឆ្នាំ ២០២៨។

ក្រុមហ៊ុនរំពឹងយ៉ាងមុតមាំថា អាជីវកម្មបន្ទះឈីប AI សម្រាប់ Data Center ថ្មីនេះ នឹងអាចទាញប្រាក់ចំណូលជូនក្រុមហ៊ុនបានច្រើនជាង ២ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ៕