អូស្ត្រាលី បន្តប្រកាន់ជំហររឹងមាំលើច្បាប់ហាមកុមារប្រើបណ្តាញសង្គម ទោះប្រឈមការលំបាក និងការរិះគន់ពីក្រុមហ៊ុនយក្សអាមេរិក
01-08-2026 13:28
(បរទេស)៖ រដ្ឋាភិបាលអូស្ត្រាលី បានចេញមុខការពារគោលនយោបាយប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងការហាមឃាត់កុមារដែលមានអាយុក្រោម ១៦ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម ទោះបីជាទិន្នន័យថ្មីៗពីភ្នាក់ងារត្រួតពិនិត្យអ៊ីនធឺណិត (eSafety) បង្ហាញថា យុវវ័យជាង ៨០% នៅតែបន្តប្រើប្រាស់ដដែលក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦។
វិធានការហាមឃាត់ដំបូងគេលើពិភពលោកនេះ ត្រូវបានដាក់ចេញកាលពីខែធ្នូ ឆ្នាំមុន ដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ។ បម្រាមនេះកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីអន្តរជាតិ ប៉ុន្តែវាបានជួបប្រទះការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលភាគច្រើនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ទោះបីជាជួបបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ក្នុងពិភពឌីជីថលយ៉ាងណាក្តី លោក Andrew Leigh រដ្ឋមន្ត្រីរងទទួលបន្ទុកផលិតភាព ប្រកួតប្រជែង និងរតនាគារ បានអះអាងថា បម្រាមនេះបានបង្កើតផលវិជ្ជមានរួចទៅហើយ។ លោកបានបញ្ជាក់ថា បម្រាមនេះគឺជា «របត់ផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងកិច្ចសន្ទនារវាងអាណាព្យាបាល និងឪពុកម្តាយ»។
លោក Leigh បានលើកឡើងបន្ថែមថា៖ «យើងបានបិទគណនីរាប់លានរួចមកហើយ។ យើងមិនដែលរំពឹងថាការអនុវត្តនេះនឹងទទួលបានលទ្ធផល ១០០% នោះទេ។ សូម្បីតែច្បាប់កំណត់អាយុអប្បបរិមាសម្រាប់ការសេពគ្រឿងស្រវឹង ក៏មិនទទួលបានការចូលរួម ១០០% ដែរ ប៉ុន្តែវាជារឿងត្រឹមត្រូវបំផុតដែលយើងត្រូវតែមានច្បាប់នេះ»។
គួរបញ្ជាក់ថា ការសិក្សារបស់ eSafety បានរកឃើញថាកុមារអាយុពី ១០ ដល់ ១៥ ឆ្នាំ នៅតែបន្តប្រើប្រាស់បណ្តាញសង្គមក្នុងកម្រិតញឹកញាប់ដដែល ខណៈដែលការដឹងឮរបស់ឪពុកម្តាយអំពីសកម្មភាពកូនៗបែរជាមានការថយចុះ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលអូស្ត្រាលីបានរៀបចំផែនការរឹតបន្តឹងការអនុវត្តច្បាប់ឱ្យកាន់តែម៉ឺងម៉ាត់ ដោយរាប់បញ្ចូលទាំងការបង្កើនប្រាក់ពិន័យអតិបរមាទ្វេដង លើក្រុមហ៊ុនបច្ចេកវិទ្យាណាដែលបរាជ័យក្នុងការអនុវត្តតាមបម្រាមនេះ៕











