Apple អាចបាត់បង់តម្លៃទីផ្សារជិត ៥០០ពាន់លានដុល្លារ ដោយសារការខ្វះខាតបន្ទះឈីប AI រាំងស្ទះដល់ការផលិត iPhone

01-08-2026 15:46

(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះជិត ១០% នៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីការកើនឡើងយ៉ាងគំហុកនៃតម្រូវការមជ្ឈមណ្ឌលទិន្នន័យ AI បានបង្កឱ្យមានការខ្វះខាតបន្ទះឈីប និងគ្រឿងបន្លាស់យ៉ាងធ្ងន់ធ្ងរនៅលើពិភពលោក។ ការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០២០ នេះ អាចនឹងធ្វើឱ្យ Apple បាត់បង់តម្លៃទីផ្សារជិត ៥០០ ពាន់លានដុល្លារ និងត្រូវប្រគល់តំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើពិភពលោកទៅឱ្យក្រុមហ៊ុន Nvidia វិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

បញ្ហាខ្វះខាតសមាសភាគផលិតនេះ កំពុងរារាំង Apple មិនឱ្យបំពេញតាមតម្រូវការទីផ្សារដ៏ខ្លាំងក្លានៃការទិញ iPhone និង Mac នោះឡើយ។ លោក Tim Cook ដែលជា CEO របស់ Apple បានបញ្ជាក់ក្នុងកិច្ចប្រជុំរបាយការណ៍ហិរញ្ញវត្ថុថា ការខ្វះខាតនេះគឺ «ធ្ងន់ធ្ងរខ្លាំងណាស់» ហើយក្រុមហ៊ុនមានជម្រើសតិចតួចណាស់ក្នុងការដោះស្រាយ។ ខណៈដែលលោក Ben Bajarin នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់ Creative Strategies បានលើកឡើងថា «ប្រសិនបើសូម្បីតែក្រុមហ៊ុនដែលមានទំហំធំដូចជា Apple និយាយថា ពួកគេគ្មានលទ្ធភាពបត់បែនលើខ្សែច្រវាក់ផ្គត់ផ្គង់ទៀតនោះ វាកំពុងបង្ហាញពីស្ថានភាពអាក្រក់មែនទែនសម្រាប់គ្រប់គ្នា»។

គួរជម្រាបថា ការប្រជែងគ្នាក្រសោបយកបន្ទះឈីបកម្រិតខ្ពស់ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដើម្បីផ្គត់ផ្គង់ដល់ Data Center របស់ AI បានធ្វើឱ្យតម្លៃគ្រឿងបន្លាស់កើនឡើង និងខ្វះខាតស្តុកបម្រុង។ កត្តានេះបានធ្វើឱ្យការព្យាករណ៍កំណើនប្រាក់ចំណូលរបស់ Apple ធ្លាក់មកត្រឹម ៩% ទៅ ១១% ប៉ុណ្ណោះ ដែលទាបជាងការរំពឹងទុករបស់ស្ថាប័ន Wall Street (ប្រមាណ ១២%) ហើយក៏ជាដើមហេតុបង្កឱ្យមានការប្រញាប់ប្រញាល់លក់ភាគហ៊ុន Apple ចេញពីសំណាក់អ្នកវិនិយោគផងដែរ៕