អត្តពលិកជាតិ-អន្ដរជាតិ ៦,៥០០នាក់ ចូលរួមរត់ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១ កើនឡើង ២៥%

02-08-2026 07:33

(ភ្នំពេញ)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ (Angkor Empire Marathon) លើកទី១១ បានប្រព្រឹត្តទៅជាផ្លូវការ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នេះ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុបចំនួន ៦,៥០០នាក់ កើនឡើង ២៥% បើធៀបកាលពីឆ្នាំមុន។

នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មុនបាញ់កាំភ្លើងបញ្ជាចេញដំណើរវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ដោយលោកបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ-អន្ដរជាតិទាំងអស់ មកកាន់ព្រឹត្តិការណ៍ម៉ារ៉ាតុងលើទឹកដីអង្គរបេតិភណ្ឌពិភពលោកនៃព្រះរាជាណាចក្រអច្ឆរិយៈ។

លោកទេសរដ្ឋមន្ដ្រីមានប្រសាសន៍ថា ឆ្នាំនេះ គណៈកម្មការរៀបចំទទួលបានអ្នកចូលរួមរត់ប្រណាំងសរុប ៦,៥០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះអត្តពលិកខ្មែរចំនួន ៥,៤៥០នាក់ និងអន្តរជាតិចំនួន ១,០៥០នាក់ មកពី ៥១ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេរួមមានអ្នករត់ជនជាតិចិន, ជប៉ុន និងចក្រភពអង់គ្លេស ដែលចូលរួមរត់លើ ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។

កំណើនអ្នកចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះដែរ ក្រោមកិច្ចសហប្រតិបត្តិការរវាង NOCC ជាមួយកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងព្រឹត្តិការណ៍តាលីម៉ារ៉ាតុង ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមជាសក្ខីភាពីលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា ព្រមទាំងវត្តមានលោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបផងដែរ។

ជាមួយកំណើននេះ បានបង្ហាញឲ្យឃើញពីការជឿជាក់យ៉ាងមុតមាំរបស់អត្តពលិកជាតិ-អន្ដរជាតិ ចំពោះស្ថេរភាព និងសន្ដិភាពនៅកម្ពុជា ដែលធានាបាននូវភាពកក់ក្ដៅ និងការស្វាគមន៍ភ្ញៀវបរទេសមកពីគ្រប់ទិសទី ពិសេសក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ ដែលជារួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ដ្បិតរយៈពេលប៉ុន្មានថ្ងៃ កំឡុងព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ កម្ពុជាអាចទទួលបានចំណូលប្រមាណកន្លះលានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC៕