ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំកម្មវិធី «រាត្រីសាទរអតិថិជន» និងអបអរសាទរខួបនៃភាពជាដៃគូយុទ្ធសាស្ត្រ

02-08-2026 11:16

(ភ្នំពេញ)៖ ក្នុងស្មារតីអបអរសាទរចំពោះសមិទ្ធផលនៃភាពជាដៃគូដ៏រឹងមាំអស់រយៈពេល ៤ឆ្នាំកន្លងមក ធនាគារ ជីប ម៉ុង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានសហការគ្នារៀបចំកម្មវិធីដ៏វិសេសវិសាលមួយដែលមានឈ្មោះថា «រាត្រីសាទរអតិថិជន» ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃភាពជោគជ័យរបស់ស្ថាប័នទាំងពីរ។ ព្រឹត្តិការណ៍នេះ គឺជាការឆ្លុះបញ្ចាំងពីការដឹងគុណចំពោះទំនុកចិត្តដែលអតិថិជនបានផ្តល់ជូនចាប់តាំងពីថ្ងៃដំបូងនៃការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រកន្លងមក។

ភាពជាដៃគូរវាងស្ថាប័នទាំងពីរ ត្រូវបានកសាងឡើងលើចក្ខុវិស័យរួមក្នុងការបង្កើតតម្លៃបន្ថែម និងបទពិសោធន៍ហិរញ្ញវត្ថុល្អប្រសើរជូនដល់ប្រជាជនកម្ពុជា។ កម្មវិធីនេះក៏បានផ្តល់ឱកាស ឱ្យថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរជួបពិភាក្សា និងស្តាប់មតិយោបល់ពីអតិថិជនដោយផ្ទាល់ ដើម្បីពង្រឹងទំនាក់ទំនងជាមួយអតិថិជន ឱ្យកាន់តែមានភាពស្និទ្ធស្នាល។ ក្នុងរយៈពេលកន្លងមក ភាពជាដៃគូនេះបានបង្ហាញ ឱ្យឃើញថានៅពេលដែលស្ថាប័នទាំងពីរដែលមានជំនាញផ្សេងគ្នា ប៉ុន្តែមានគោលដៅរួមដូចគ្នា មកសហការគ្នា នោះតម្លៃដែលអតិថិជនទទួលបាននឹងកាន់តែធំធេង។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងជាអគ្គនាយកធនាគារ ជីប ម៉ុង បានលើកឡើងថា៖ «នៅពីក្រោយភាពជាដៃគូរវាង ធនាគារ ជីប ម៉ុង និង FWD Cambodia ត្រូវបានកសាងឡើងលើមូលដ្ឋាននៃទំនុកចិត្ត ចក្ខុវិស័យរួម និងការប្តេជ្ញាចិត្តក្នុងការបង្កើតតម្លៃជូនអតិថិជន។ ធនាគារ ជីប ម៉ុង មានចក្ខុវិស័យ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយគុណភាពស្តង់ដារខ្ពស់ និងសុវត្ថិភាព ដោយយកតម្រូវការរបស់អតិថិជនជាស្នូល ដើម្បីបង្កើតនូវដំណោះស្រាយហិរញ្ញវត្ថុដែលចំគោលដៅ និងសមស្របបំផុតសម្រាប់លោកអ្នក។ កិច្ចសហការរវាងស្ថាប័នទាំងពីរ មិនមែនគ្រាន់ជាភាពជាដៃគូអាជីវកម្ម ប៉ុន្តែជាការរួមបញ្ចូលគ្នានូវដំណោះស្រាយហិរញ្ញវត្ថុ និងការការពារ ដើម្បីជួយ ឱ្យអតិថិជនអាចសម្រេចគោលដៅ និងមានទំនុកចិត្តក្នុងការរៀបចំអនាគត។ សម្រាប់ធនាគារ ជីប ម៉ុង អតិថិជនមិនមែនគ្រាន់តែជាអ្នកប្រើប្រាស់សេវាកម្ម ប៉ុន្តែជាដៃគូដ៏សំខាន់ក្នុងការរីកចម្រើនរួមគ្នា។ ហេតុដូច្នេះហើយទើបមានការសហការរវាងធនាគារ ជីប ម៉ុង និងFWD Cambodia បង្កើតនូវការផ្តល់ជូនពិសេសបញ្ចុះតម្លៃរហូតដល់ ៣០% នេះ»

ទន្ទឹមជាមួយគ្នានេះ លោក ជីម គង់ហ៊ុយ អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានលើកឡើងថា៖ «កម្មវិធីនេះ មិនមែនជាការរៀបចំដើម្បីតែជួបជុំប៉ុណ្ណោះទេ ប៉ុន្តែជាការអបអរសាទរចំពោះទំនាក់ទំនងដ៏រឹងមាំដែលយើងបានកសាងរួមគ្នាជាមួយអតិថិជនរបស់យើង។ នៅ FWD Cambodia និងធនាគារ ជីប ម៉ុង យើងមានទស្សនវិស័យដូចគ្នាគឺថា ភាពជោគជ័យរបស់ស្ថាប័នមួយ មិនអាចកើតមានឡើងដោយគ្មានទំនុកចិត្តពីអតិថិជននោះឡើយ។ ហេតុដូច្នេះហើយ ទំនុកចិត្តរបស់លោកអ្នកគឺជាមូលដ្ឋានដ៏សំខាន់បំផុតនៃភាពជាដៃគូរបស់យើង។ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ FWD Cambodia និងធនាគារ ជីប ម៉ុង បានធ្វើការយ៉ាងជិតស្និទ្ធរួមគ្នា ដើម្បីនាំយកដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងការការពារអនាគត ទៅកាន់អតិថិជនកម្ពុជាទូទាំងប្រទេស។ អ្វីដែលធ្វើឱ្យភាពជាដៃគូនេះមានអត្ថន័យ មិនមែនត្រឹមតែការផ្តល់ផលិតផល ឬសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការជួយឱ្យអតិថិជន និងក្រុមគ្រួសាររបស់ពួកគាត់ មានទំនុកចិត្តក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងទទួលបានការការពារដែលពួកគាត់ត្រូវការ»

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានសហការគ្នា ដើម្បីផ្ដល់ជូនកញ្ចប់ការពារកម្ចីដ៏ពិសេស ដែលផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៣០% ជូនដល់អតិថិជនកម្ចីទាំងអស់របស់ធនាគារ ជីប ម៉ុង ដែលចង់ទទួលបានការការពារ (ផលិតផល FWD ការពារកម្ចី និង ផលិតផល FWD ការពារកម្ចីពេញលេញ) ដោយការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ ការផ្តល់ជូនដ៏ពិសេសនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរយ៉ាងហ្មត់ចត់របស់ ធនាគារ ជីប ម៉ុង និង FWD Cambodia ចំពោះអតិថិជន ដែលយើងជឿជាក់ថាកញ្ចប់ការពារកម្ចីនេះនឹងក្លាយជាជម្រើសដ៏ល្អមួយ ដែលជួយ ឱ្យអតិថិជនទទួលបានការការពារហិរញ្ញវត្ថុកាន់តែពេញលេញ និងអាចរស់នៅប្រកបដោយភាពរីករាយ៕