ASEAN Cup៖ គោព្រៃកម្ពុជា អាចស្វែងរកពិន្ទុដំបូងបានទេ ប៉ះក្រុមភ្ញៀវទីម័រខាងកើត ល្ងាចនេះ?

03-08-2026 09:51

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមភ្ញៀវទីម័រខាងកើត នាវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី០៣ ខែសីហានេះ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦ ពូល A នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នេះជាការប្រកួតទី៣ របស់ក្រុមគោព្រៃកម្ពុជា និងជាការប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិទីម័រខាងកើត ដែលបច្ចុប្បន្នក្រុមទាំងពីរ សុទ្ធតែបានអស់ឱកាសប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ បន្ទាប់ពីរងបរាជ័យផ្ទួនៗ មិនទាន់រកបានសូម្បី ១ពិន្ទុឡើយ។ ដូច្នេះចាំមើលជំនួបល្ងាចនេះ តើកម្ពុជា ឬទីម័រខាងកើត នឹងអាចស្វែងរកពិន្ទុលើកដំបូងរបស់ខ្លួនក្នុងយុទ្ធនាការប្រកួតពានប្រចាំតំបន់នេះ?

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ក្រុមម្ចាស់ផ្ទះកម្ពុជា បានត្រៀមខ្លួនរួចរាល់ ដូចការប្រកួតកន្លងមក តែមិនប៉ះពាល់នឹងលទ្ធផល ២ប្រកួតកន្លងមកឡើយ។ អ្វីដែលសំខាន់ លោកបានផ្ដោតជាពិសេសលើទម្រង់លេងរបស់ក្រុម ទោះបីការប្រកួតមានលទ្ធផលឈ្នះចាញ់បែបណា កូនក្រុមត្រូវបង្ហាញខ្លួនឲ្យបានល្អ ដើម្បីមានឱកាសកោះហៅលើក្រោយទៀត។

ជាមួយគ្នាលោក José Pedro គ្រូបង្វឹកក្រុមទីម័រខាងកើត រំពឹងថា ការប្រកួតនេះនឹងតានតឹង ដ្បិតក្រុមទាំងពីរមានស្ថានភាពប្រហាក់ប្រហែលគ្នា គឺមិនទាន់ស្គាល់ជ័យជម្នះដូចគ្នា តែលោកយល់ថា កម្ពុជាមានផលចំណេញព្រោះជាការប្រកួតក្នុងដី ជាមួយអ្នកគាំទ្ររបស់ខ្លួន។ យ៉ាងណាលោកនឹងផ្ដោតលើការអភិវឌ្ឍក្រុម ហើយព្យាយាមលេងឲ្យបានល្អបំផុតតាមផែនការ ជាមួយក្ដីរំពឹងនឹងទទួលបានលទ្ធផលជាវិជ្ជមានសម្រាប់ក្រុមផងដែរ។

សូមបញ្ជាក់ថា ក្នុងពេល A នៃពានរង្វាន់ ASEAN Hyundai Cup ឆ្នាំ២០២៦ បច្ចុប្បន្ននៅសល់បេក្ខភាព ៣ក្រុមប៉ុណ្ណោះ ដែលមានឱកាសប្រជែងកៅអីវគ្គបន្ដ រួមមានសិង្ហបុរី មាន ៧ពិន្ទុ, ឥណ្ឌូនេស៊ី មាន ៦ពិន្ទុ និងវៀតណាម មាន ៤ពិន្ទុ ខណៈកម្ពុជា និងទីម័រខាងកើត មិនទាន់មានពិន្ទុឡើយ។ សម្រាប់ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបក្រុមកំពុងស្រេកឃ្លានជ័យជម្នះវៀតណាម នាថ្ងៃទី០៧ ខែសីហាខាងមុខ នៅទីក្រុងហាណូយ៕