Apple កំពុងអភិវឌ្ឍ «វ៉ែនតាឆ្លាតវៃ» ជំនួយសុខភាព និងការហាត់ប្រាណ ប៉ុន្តែអ្នកប្រើប្រាស់អាចត្រូវរង់ចាំបន្តិច
03-08-2026 11:07
(បរទេស)៖ យោងតាមរបាយការណ៍ចុងក្រោយពីលោក Mark Gurman អ្នកយកព័ត៌មានបច្ចេកវិទ្យាល្បីឈ្មោះនៃព្រឹត្តិបត្រព័ត៌មាន Power On បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងខិតខំប្រឹងប្រែងអភិវឌ្ឍវ៉ែនតាឆ្លាតវៃ (Smart Glasses) ប្រភេទគ្មានបច្ចេកវិទ្យា AR ឱ្យទៅជាឧបករណ៍ជំនួយសុខភាព និងកាយសម្បទានាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ មុខងារថែទាំសុខភាព និងការហាត់ប្រាណដ៏ទំនើបទាំងនេះ ប្រហែលជានឹងមិនទាន់មានវត្តមាននៅលើម៉ូឌែលជំនាន់ដំបូងឡើយ។
ជាការពិតណាស់ គំនិតនៃការបង្កើតឧបករណ៍ពាក់ជាប់ខ្លួនដើម្បីតាមដានសុខភាពនេះ មិនមែនជារឿងថ្មីស្រឡាងសម្រាប់ Apple នោះទេ។ កន្លងមក ក្រុមហ៊ុនធ្លាប់មានផែនការប្រែក្លាយវែនតា Vision Pro ឱ្យទៅជាវេទិការហាត់ប្រាណ Fitness+ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាតាមដានចលនារាងកាយ ប៉ុន្តែត្រូវខកខានទៅវិញ។ លោក Gurman បានគូសបញ្ជាក់ថា៖ «គម្រោងនេះមិនដែលបានដាក់ឱ្យដំណើរការឡើយ ដោយសារឧបសគ្គបច្ចេកវិទ្យា និងដោយសារវែនតានោះមានទម្ងន់ធ្ងន់ពេក»។
ទោះបីជាជួបឧបសគ្គលើ Vision Pro ក៏ដោយ Apple នៅតែបន្តចក្ខុវិស័យនេះនៅលើវ៉ែនតាឆ្លាតវៃជំនាន់ថ្មី ដោយផ្តោតលើការរួមបញ្ចូលសែនស័រវាស់ចលនាបេះដូង និងកាមេរ៉ាឆ្លាតវៃដែលអាចវិភាគទម្រង់ហាត់ប្រាណ។ ការបញ្ជាក់កាន់តែច្បាស់ពីការប្តេជ្ញានេះ គឺតាមរយៈការប្រកាសរើសបុគ្គលិករបស់ Apple ដែលបានសរសេរថា៖ «ក្រុម Vision Products Group កំពុងស្វែងរកបេក្ខជនដើម្បីកំណត់ទិសដៅអនាគតនៃបទពិសោធន៍សុខភាព សុខុមាលភាព និងកាយសម្បទានៅលើផលិតផល vision ដោយតម្រូវឱ្យបកស្រាយឱកាសនៅចំណុចប្រសព្វរវាង Spatial Computing, ឧបករណ៍ពាក់ជាប់ខ្លួន, សុខភាពអ្នកប្រើប្រាស់ និងចរិតលក្ខណៈមនុស្ស ឱ្យទៅជាទិសដៅផលិតផលដ៏ច្បាស់លាស់»។
យ៉ាងណាមិញ ថ្វីបើវ៉ែនតាឆ្លាតវៃរបស់ Apple អាចជួយសម្រួលដល់អ្នកហាត់ប្រាណ និងអ្នករត់ប្រណាំងបានច្រើននាពេលអនាគត ប៉ុន្តែដោយសារបច្ចេកវិទ្យានៅមានកម្រិត និងគ្មានអេក្រង់បង្ហាញ មុខងារសុខភាពពេញលេញទាំងនេះអាចនឹងត្រូវចំណាយពេល ២ ទៅ ៣ ឆ្នាំទៀត ទម្រាំតែអាចលេចរូបរាងជាផ្លូវការនៅលើទីផ្សារ៕












