Messi ត្រឡប់ចូលទីលានវិញ ក្រោយចប់ World Cup 2026 នៅពេលសមាជិកថ្មី Casemiro ឱ្យកាដូក្រុមភ្ញៀវ

03-08-2026 11:10

(បរទេស)៖ ប្រធានក្រុម Lionel Messi បានវិលត្រឡប់មកជួយក្រុម Inter Miami CF វិញ បន្ទាប់ពីបញ្ចប់ភារកិច្ចជួយ ក្រុមជម្រើសជាតិអាហ្សង់ទីនលេង FIFA World Cup 2026 នៅពេលសមាជិកថ្មី Casemiro បានធ្វេសប្រហែសចូលទីខ្លួនឯង ១គ្រាប់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ម្ចាស់ផ្ទះ Miami បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹងក្រុមភ្ញៀវ Columbus Crew នៅក្នុងលីគកំពូលអាមេរិក Major League Soccer 2026-27។

Messi វ័យ ៣៩ឆ្នាំ បានចូលរួមរកបាន ១២គ្រាប់ ដោយក្នុងនោះស៊ុតចូល ៨គ្រាប់ និងបញ្ជូនបាន ៤គ្រាប់ផងដែរ នៅពេលពពកសបានត្រឹមរងជើងឯក World Cup 2026 ក្រោយចាញ់អេស្ប៉ាញ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ដ្បិតរូបគេត្រូវបាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពេលប្តូរចូលនៅនាទី៥៣ ក្នុងប្រកួតកាលពីថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក) ដែល Miami កំពុងនាំមុខ Columbus ២-១។

ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Luis Suarez ជាអ្នករកបានគ្រាប់នាំមុខ តាមរយៈផ្លោង ១ជើងពីចម្ងាយចូលទីយ៉ាងស្អាត មុនពេល Casemiro ដែលផ្ទេរចេញពី Manchester United មកចូលរួមជាមួយ Miami កាលខែកក្កដានោះ បានធ្វេសប្រហែសចូលទីខ្លួនឯង និងជាគ្រាប់តាមស្មើសម្រាប់ក្រុមភ្ញៀវទៀតផង។

Messi មានឱកាស ២លើក ដើម្បីជួយ Miami យកឈ្នះពីការតែតមុខទី និង ១លើកផ្សេងទៀតទាត់ជើងស្តាំប៉ះចំរបារទី គួរឱ្យស្តាយចុងម៉ោង៕