មិនគួរឱ្យជឿ! iPhone 17 Pro ធ្លាក់ពីលើយន្តហោះកម្ពស់ជាង ១គីឡូម៉ែត្រ នៅតែមិនបែក និងដំណើរការ Find My យ៉ាងរលូន
03-08-2026 12:59
(បរទេស)៖ រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅខេត្ត Saskatchewan ប្រទេសកាណាដា នៅពេលដែលលោកស្រី Heather Cline ដែលជាអ្នកដំណើរលើយន្តហោះធុនស្រាលបើកបរដោយស្វាមី បានជ្រុះទូរសព្ទ iPhone 17 Pro ធ្លាក់ចេញពីលើយន្តហោះដោយអចេតនា។ ទោះបីជាទូរសព្ទនោះត្រូវបានពាក់ស្រោមការពារ (Case) រួចរាល់ហើយក៏ដោយ ប៉ុន្តែលោកស្រីបានរៀបរាប់ថា៖ «កម្លាំងខ្យល់បក់ខ្លាំងបានទាញយកទូរសព្ទចេញពីស្រោមការពារភ្លាមៗ» រួចវាបានធ្លាក់ចុះមកក្រោមក្នុងកម្ពស់រហូតដល់ ១,១ គីឡូម៉ែត្រ (ប្រហែល ២/៣ ម៉ាយល៍)។
ថ្វីបើការធ្លាក់ពីកម្ពស់ដ៏ខ្ពស់បែបនេះ អាចធ្វើឱ្យមនុស្សភាគច្រើនបោះបង់ក្តីសង្ឃឹមក្នុងការរកឃើញវិញក៏ដោយ ប៉ុន្តែប្តីប្រពន្ធមួយគូនេះបានកត់សម្គាល់ឃើញថា ទូរសព្ទនៅតែបញ្ជូនសញ្ញាទីតាំងតាមរយៈកម្មវិធី Find My យ៉ាងច្បាស់។ ពួកគេក៏បានចុះទៅតាមស្វែងរកតាមកូអរដោនេនោះ រហូតទាល់តែបានប្រទះឃើញទូរសព្ទកំពុងបែរកញ្ចក់អេក្រង់ឡើងលើនៅក្នុងវាលស្រែផ្កាកាណូឡា (Canola) ដោយស្ថិតក្នុង «ស្ថានភាពល្អឥតខ្ចោះ» គ្មានស្នាមប្រេះស្រាំ ឬការខូចខាតអ្វីឡើយ។
គូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថា ជាការតេស្តកម្រិតភាពធន់ជាក់ស្តែងទៅលើផ្នែករឹង (Hardware) របស់ Apple ជាពិសេសបច្ចេកវិទ្យាកញ្ចក់ការពារ និងគ្រោងលោហៈធន់របស់ iPhone 17 Pro។ ទោះជាយ៉ាងណាក៏ដោយ អត្ថបទព័ត៌មានពីបណ្តាញផ្សព្វផ្សាយ CBC បានកត់សម្គាល់បន្ថែមថា ចំពោះករណីដ៏កម្រនេះ ក៏ធ្លាប់មានរបាយការណ៍ផ្សេងទៀតបង្ហាញថា ទូរសព្ទអាចរងការខូចខាតផងដែរ ទោះជាធ្លាក់ក្នុងកម្ពស់ទាបត្រឹមចេញពីហោប៉ៅខោក៏ដោយ។ យ៉ាងណាមិញ រឿងរ៉ាវរបស់លោកស្រី Cline បានក្លាយជាសាក្សីបញ្ជាក់យ៉ាងច្បាស់អំពីគុណភាពផលិតផលដ៏រឹងមាំរបស់ Apple នាពេលនេះ៕












