GTV Motor និង BAIC ចុះកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រ បង្កើតរថយន្ត Off-Road ម៉ាក REACHSEY សម្រាប់ទីផ្សារកម្ពុជា (Video inside)

03-08-2026 14:05

(ភ្នំពេញ)៖ ក្រុមហ៊ុន GTV Motor ដែលជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដ៏រឹងមាំមួយ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន GRC ដែលជាតំណាងផ្លូវការ របស់ក្រុមហ៊ុន BAIC Group ប្រចាំនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផលិត និងផ្គត់ផ្គង់រថយន្តប្រភេទ Off-Road ប្រណិតសម្រាប់ទីផ្សារកម្ពុជា។

លោក សុខ ចន្ទ្រា អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GTV Motor បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរោងចក្រ BAIC Group និងក្រុមការងារ GRC ដែលបានផ្តល់ទំនុកចិត្ត។

លោកបានបញ្ជាក់ថា GTV Motor មានប្រព័ន្ធផលិតកម្មស្តង់ដារខ្ពស់ និងការយល់ដឹងស៊ីជម្រៅអំពីទីផ្សារ លក្ខខណ្ឌផ្លូវថ្នល់ និងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុក។ ចំណែកឯ BAIC Group ដែលជាសហគ្រាសឈានមុខគេ ក្នុងឧស្សាហកម្មយានយន្តចិន បាននាំមកនូវបច្ចេកវិទ្យាទំនើប និងសមត្ថភាពផលិតដ៏លេចធ្លោ។

កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការដំឡើងកម្រិតយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន GTV ដោយប្រើប្រាស់សក្តានុពលនៃការផលិតក្នុងស្រុក និងការធ្វើសមាហរណកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីសម្របខ្លួនយ៉ាងរលូនជាមួយនឹងការផ្ទេរបច្ចេកវិទ្យាទំនើបពី BAIC Group លើផ្នែករថយន្ត Off-Road។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ រថយន្ត BAIC ម៉ូដែល BJ30, BJ40, និង BJ60 នឹងត្រូវផ្លាស់ប្តូរឈ្មោះជាផ្លូវការ មកជាត្រកូលរថយន្ត Off-Road ម៉ាក REACHSEY 30, REACHSEY 40, និង REACHSEY 60។ បច្ចុប្បន្ន ម៉ូដែល REACHSEY ទាំងនេះត្រូវបានដំឡើង និងផលិតដោយជោគជ័យនៅក្នុងស្រុក រួចរាល់សម្រាប់ការដាក់លក់លើទីផ្សារ។

រថយន្តត្រកូល REACHSEY ត្រូវបានរចនា និងកែសម្រួលឡើងជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នារវាងការរចនាវិស្វកម្មដ៏រឹងមាំរបស់ BAIC និងសង្វាក់ផលិតកម្មយ៉ាងផ្ចិតផ្ចង់របស់ GTV។

ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំថា រថយន្តទាំងបីម៉ូដែលនេះ នឹងផ្តល់ជូននូវបទពិសោធន៍នៃការបើកបរយ៉ាងប្រណិតជូនដល់អតិថិជនក្នុងស្រុក ព្រមទាំងបង្កើតនូវស្តង់ដារគុណភាពថ្មី សម្រាប់រថយន្ត Off-Road នៅក្នុងទីផ្សារកម្ពុជា។

GTV Motor នឹងយកកិច្ចសហប្រតិបត្តិការនេះ ជាចំណុចចាប់ផ្តើមថ្មីមួយ ដើម្បីពន្លឿនការស្រាវជ្រាវ ការអភិវឌ្ឍ និងការផលិតត្រកូលរថយន្ត Off-Road របស់ខ្លួនបន្ថែមទៀត។

គោលដៅរបស់ក្រុមហ៊ុន គឺនាំយកនូវរថយន្ត Off-Road ប្រណិត និងមានគុណភាពខ្ពស់ ជូនដល់គ្រប់គ្រួសារកម្ពុជា និងសម្រេចបាននូវសម្ព័ន្ធភាព ឈ្នះ-ឈ្នះ ពិតប្រាកដជាមួយក្រុមហ៊ុន GRC និង BAIC Group៕