ថ្នាក់ដឹកនាំកីឡាយុទ្ធគុនចម្រុះ ទទូចឲ្យមានការគាំទ្របន្ថែម ក្រោយឈ្នះមេដាយកម្រិតទ្វីប ៣គ្រឿង
03-08-2026 14:51
(ភ្នំពេញ)៖ លោក ម៉ុក សាំងហ៊ុន អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា (MMA) បានទទូចសូមឲ្យមានការចាប់អារម្មណ៍ និងមានការគាំទ្រឲ្យបានច្រើនបន្ថែមទៀតពីមហាជន ក៏ដូចជាវិស័យឯកជន ដើម្បីបង្កលទ្ធភាពដល់កីឡាករ-កីឡាការិនីកម្ពុជាបានចូលរួមការប្រកួតអន្ដរជាតិនានា លើប្រភេទកីឡាកំពុងមានប្រជាប្រិយមួយនេះ។
ការលើកឡើងនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមអត្តពលិកយុទ្ធគុនចម្រុះកម្ពុជា ត្រឡប់ពីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី (GAMMA Asian Championship) ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ដោយនាំមកជាមួយមេដាយចំនួន ៣គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ២)។
ជាមួយសមិទ្ធផលនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងចំណោមអត្តពលិក ៤រូប គឺមាន ៣រូបដែលដណ្ដើមបានមេដាយ។ ជាគម្រោងសហព័ន្ធត្រៀមបញ្ជូនអត្តពលិក ៧ ទៅ ៨រូបចូលរួម តែថវិកាមានកំណត់ សហព័ន្ធសម្រេចបញ្ជូនត្រឹម ៤រូប តែលោកសង្ឃឹមថា ការប្រកួតលើកក្រោយៗ នឹងមានការគាំទ្រច្រើន ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីកម្ពុជាបានចូលរួមកាន់តែច្រើន។
លោកថា «ប្រសិនបើមានប្រកួតលើកក្រោយទៀត សូមបងប្អូនជួយចាប់អារម្មណ៍ និងគាំទ្រកីឡា MMA យើង ព្រោះឥឡូវកំពុងផុសផុលខ្លាំង។ យើងមានប្រដាល់គុនខ្មែររាល់សប្ដាហ៍ ហើយគេមានគុនចម្រុះរហូត ហើយឥលូវអាស៊ាន គ្រោងបង្កើតសមាគ និងការប្រកួតថ្នាក់តំបន់។ កីឡាកររបស់យើង បើប្រឹងប្រែងបន្ដិចទៀត នឹងអាចបានមេដាយដាយមាសកម្រិតអាស៊ី តែប្រកួតកម្រិតអាស៊ានវិញ យើងប្រាកដជាបានមេដាយមាស»។
ការឈ្នះមេដាយប្រាក់កម្រិតអាស៊ីនេះ មិនមែនជារឿងធម្មតានោះទេ ដ្បិតបណ្ដាប្រទេសមួយចំនួន បានហ្វឹកហាត់តាំងពីក្មេង ហើយប្រទេសខ្លះមានក្លិប និងធនធានកីឡាករច្រើនខ្ទង់ម៉ឺននាក់ ជាក់ស្ដែងប្រទេសតាហ្ស៊ីគីស្ថានជាដើម។ ដូច្នេះនេះជាការចាប់ផ្ដើមមួយដ៏ល្អ ហើយលោកសង្ឃឹមថា នៅថ្ងៃអនាគតយុទ្ធគុនចម្រុះកម្ពុជា នឹងទទួលបានការគាំទ្រកាន់តែផុសផុលពីមហាជន ដើម្បីរួមគ្នាឆ្ពោះទៅដណ្ដើមមេដាយមាសដូចគេដែរ។ លោក ម៉ុក សាំងហ៊ុន បន្ថែម។
សូមបញ្ជាក់ថា ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦ ដែលម៉ាឡេស៊ីធ្វើម្ចាស់ផ្ទះ បានប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ដោយមានបណ្ដាប្រទេសជាច្រើននៅអាស៊ីចូលរួម ក្នុងនោះក៏មាន ៥ប្រទេសពីតំបន់អាស៊ានផងដែរ។ ជាលទ្ធផលគឺក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងដោយកីឡាករ ស៊ា វិច្ឆិកា និងមេដាយសំរឹទ្ធ ២គ្រឿង ដោយកីឡាករ លាង កុម្ភៈ និងកីឡាការិនី ខៀវ ចិន្ដារ័ត្ន៕








