សាលាញូវហ្គេតវ៉េអន្តរជាតិ ប្រារព្ធពិធីបញ្ចប់ការសិក្សា និងប្រគល់ពានរង្វាន់យ៉ាងអធិកអធម សម្រាប់សិស្សានុសិស្សឆ្នាំ២០២៦ (Video inside)

03-08-2026 15:50

(ភ្នំពេញ)៖ សាលាញូវហ្គេតវ៉េអន្តរជាតិ បានរៀបចំពិធីបញ្ចប់ការសិក្សាដ៏មានអត្ថន័យសម្រាប់សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សា ឆ្នាំ២០២៦ ​ដែលព្រឹត្តិការណ៍ដ៏មានតម្លៃនេះ ពោរពេញដោយភាពរីករាយ ​ក្នុងការអបអរសាទរដល់សិស្សានុសិស្សគ្រប់កម្រិត ចាប់ពីមតេ្តយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ រហូតដល់កម្រិតវិទ្យាល័យ នៃកម្មវិធីសិក្សាទាំងបី (អង់គ្លេស ចិន និងខ្មែរ) ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់។

ក្រៅពីពិធីបញ្ចប់ការសិក្សាដ៏មានអត្ថន័យនេះ សាលា​ថែមទាំងបានប្រគល់ពានរង្វាន់ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សឆ្នើមចាប់ពីថ្នាក់ទី១ ដល់ទី១២ ដើម្បីជាការកោតសរសើរដល់ស្មារតីតស៊ូ និងសមិទ្ធផលសិក្សាដ៏ល្អប្រសើររបស់ពួកគាត់។

ពិធីបញ្ចប់ការសិក្សាដ៏មានអត្ថន័យ​ ដែលនា​ទី១ ខែសីហា ឆ្នាំ២០២៦ ​អ្នកឧកញ៉ាបណ្ឌិត ប៊ុន ណារី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ បានសម្តែងនូវមោទនភាព ​ចំពោះសិស្សានុសិស្សថ្នាក់ទី១២ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងត្រៀមខ្លួនបន្តការសិក្សាទៅកាន់កម្រិតឧត្តមសិក្សា។ ​

ជាមួយគ្នានេះ អ្នកកឧកញ៉ាបណ្ឌិត ប៊ុន ណារី បាន​ថ្លែងអំណរគុណចំពោះការគាំទ្រ​របស់សំណាក់មាតាបិតា និងអាណាព្យាបាល ​​ដែលបានដំណើរការ អស់រយៈពេល ១៦ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១១មក។ សាលាបានផ្តល់កម្មវិធីសិក្សាបីភាសា រួមមាន ខ្មែរ អង់គ្លេស និងចិន ស្របតាមកម្មវិធីសិក្សាជាតិទូទៅ ដែលធ្វើឱ្យសាលាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងមានការទទួលស្គាល់យ៉ាងទូលំទូលាយ។

លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរ​ចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ជាពិសេសអ្នកឧកញ៉ាបណ្ឌិត ប៊ុន ​ណារី ​​ក្នុងការបន្តបេសកកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងធនធានមនុស្សជូនដល់យុវជន និងប្រជាជនកម្ពុជា។
​​
លោក​ បានគូសបញ្ជាក់ថា សាលាញូវហ្គេតវ៉េអន្តរជាតិ ​បានបង្ហាញនូវសក្ដានុពលដ៏ល្អក្នុងការគ្រប់គ្រង និងបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យមានសមត្ថភាពខ្ពស់ ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។ លើសពីនេះ សាលាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​ ដែលផ្តល់អទិភាពខ្ពស់ទៅលើកសាងធនធានមនុស្សប្រកបដោយគុណភាព ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សង្គម និងប្រទេសជាតិ។ ​

អាណាព្យាបាលជាច្រើន​ ដែលបាន​មកអបអរសាទរកូនៗក្នុងថ្ងៃបញ្ចប់ការសិក្សានេះ បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពចំពោះកូនៗរបស់ខ្លួន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគុណភាពអប់រំ និងបរិយាកាសសិក្សាដ៏ល្អប្រសើររបស់សាលា ដែលបានជួយឲ្យសិស្សមានភាពក្លាហាន ទំនុកចិត្ត និងរីកចម្រើនគួរឲ្យកត់សម្គាល់។

ទន្ទឹមគ្នានេះដែរ យុវសិស្ស នុត ទីម៉ឹង និងយុវតី អ៊ិន គីមប៊ួយ ជាសិស្សថ្នាក់ទី១២ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ដែលបានបញ្ចប់ការសិក្សា ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ដែលបានលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបណ្តុះបណ្តាលពួកគេ។ ពួកគេបានបញ្ជាក់ថា ការសិក្សានៅសាលា New Gateway មិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាបទពិសោធន៍ជីវិតដ៏មានតម្លៃ ដែលបង្រៀនពីការសហការ ការគោរព និងការក្លាយជាមនុស្សល្អសម្រាប់សង្គម។

បន្ថែមពីនេះ សិស្សានុសិស្សទាំងអស់បានប្តេជ្ញាខិតខំប្រឹងប្រែងសម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខ ដើម្បីទទួលបានលទ្ធផលល្អ និងបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ទាំងក្នុងនិងក្រៅប្រទេស ក្នុងជំនាញដែលខ្លួនស្រឡាញ់ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ឆ្នាំសិក្សាថ្មីរបស់សាលាញូវហ្គេតវ៉េអន្តរជាតិ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។