ទីបំផុតក្រុមជម្រើសជាតិកម្ពុជា ស្គាល់ជ័យជម្នះដំបូង ក្រោយយកឈ្នះទីម័រខាងកើត ៣-០ នៃពាន ASEAN Cup

03-08-2026 19:53

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានស្គាល់ជ័យជម្នះលើកដំបូង ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦ ពូលA ដោយយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ៣-០ មុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតទី២ ក្នុងដីនេះ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ ទោះមិនមានការវាយសម្រុកគ្នាទៅវិញទៅមក តែក្រុមម្ចាស់ផ្ទះ បានការពារសំណាញ់ទីយ៉ាងល្អ ជាមួយការរកបាន ៣គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ ហាវ សុខនេត្រ ២គ្រាប់ នៅនាទី១៦ និងនាទី៦៣ មុនកីឡាករ ម៉ុន រ៉ាដូ បន្ថែមគ្រាប់ទី៣ នៅនាទី៩០។

ជ័យជម្នះនេះ បានធ្វើឲ្យកម្ពុជា រកបាន ៣ពិន្ទុដំបូង ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១ និងចាញ់២ មុនធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ ដើម្បីបញ្ចប់ការប្រកួតពូល A គ្រាដែលទីម័រខាងកើត បានបរាជ័យទាំង ៤ប្រកួត មិនរកបានពិន្ទុឡើយក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ៕