Alibaba ដាក់បង្ហាញ Qwen3.8-Max៖ AI យក្សថ្មីសមត្ថភាពខ្ពស់បំផុត និងមានទំហំដេញប្រកៀកគូប្រជែង Moonshot
04-08-2026 08:09
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Alibaba បានប្រកាសដាក់បង្ហាញនូវអ្វីដែលខ្លួនអះអាងថាជាម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ធំបំផុត និងមានសមត្ថភាពខ្លាំងបំផុតរបស់ខ្លួន គឺ Qwen3.8-Max។ AI ថ្មីនេះមានទំហំប៉ារ៉ាម៉ែត្រ (Parameters) រហូតដល់ ២,៤ ទ្រីលាន (Trillion) ដែលមានទំហំដេញប្រកៀកប្រកិតទៅនឹងម៉ូដែល Kimi K3 (២,៨ ទ្រីលានប៉ារ៉ាម៉ែត្រ) របស់ក្រុមហ៊ុនគូប្រជែងក្នុងស្រុក Moonshot AI ដែលបានដាក់ចេញកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកួតប្រជែងបង្កើត AI របស់ក្រុមហ៊ុនចិន កំពុងតែមានភាពស្រួចស្រាល់ និងឆាប់រហ័ស ក្នុងការសាងសង់ប្រព័ន្ធដែលមានថាមពលខ្លាំង ប៉ុន្តែព្យាយាមរក្សាថ្លៃចំណាយប្រតិបត្តិការឱ្យនៅទាប។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបច្ចេកវិទ្យាចិននិយមបញ្ចេញទិន្នន័យប៉ារ៉ាម៉ែត្រ (ខ្នាតវាស់ទំហំទិន្នន័យ និងការគណនា) ជាសាធារណៈ ដើម្បីទាក់ទាញសហគមន៍អ្នកអភិវឌ្ឍន៍ (Developers) ដោយសារម៉ូដែលរបស់ពួកគេភាគច្រើនជាប្រភេទ Open-weight ដែលអនុញ្ញាតឱ្យគេទាញយកទៅប្រើប្រាស់ និងកែច្នៃបាន ដោយខុសពីក្រុមហ៊ុនអាមេរិកដូចជា OpenAI, Anthropic និង Google ដែលមិនដែលបង្ហាញចំនួនប៉ារ៉ាម៉ែត្រនៃម៉ូដែល Closed-source របស់ខ្លួនឡើយ។
ផ្អែកលើការប្រកាសនៅលើភ្លេតហ្វមវាយតម្លៃ AI សកល Arena.AI ម៉ូដែល Qwen3.8-Max បានស្ទុះឡើងទៅកាន់ចំណាត់ថ្នាក់លេខ ១ ភ្លាមៗ ក្នុងចំណោមម៉ូដែល AI ចិនផ្នែកអត្ថបទ (Text)។ កាន់តែពិសេសជាងនេះទៅទៀត នៅក្នុងផ្នែកវិភាគរូបភាព និងទិន្នន័យមើលឃើញផ្សេងទៀត (Visual material) Qwen3.8-Max បានដណ្តើមបានចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក ដោយស្ថិតនៅពីក្រោយតែម៉ូដែល Claude Fable 5 របស់ក្រុមហ៊ុន Anthropic ប៉ុណ្ណោះ។
ដើម្បីកាត់បន្ថយថ្លៃចំណាយ និងបង្កើនល្បឿនឆ្លើយតប Alibaba បានប្រើប្រាស់បច្ចេកវិទ្យា «Mixture-of-experts» ដែលដំណើរការប៉ារ៉ាម៉ែត្រត្រឹមតែ ៩៥ ពាន់លាន (Billion) ប៉ុណ្ណោះក្នុងពេលតែមួយ។ AI ថ្មីនេះ អាចដំណើរការអត្ថបទ រូបភាព និងវីដេអូក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ១លាន Tokens (ខ្នាតទិន្នន័យ ដែលសមមូលនឹងឯកសាររាប់រយទំព័រ ឬកូដកម្មវិធីធំៗ) ក្នុងពេលតែមួយ ដោយថែមទាំងបានបញ្ចប់គម្រោងវិស្វកម្មសូហ្វវែរដ៏ស្មុគស្មាញមួយដោយប្រើពេលត្រឹមតែ ១៦ ថ្ងៃប៉ុណ្ណោះ។ Alibaba គ្រោងនឹងប្រកាសចេញផ្សាយ Qwen3.8-Max ជាផ្លូវការនៅសប្តាហ៍ក្រោយ តាមរយៈភ្លេតហ្វម Alibaba Cloud’s Model Studio៕









