Telegram ប្រកាសថា កម្មវិធីរបស់ខ្លួនត្រូវបានដាក់បញ្ចូលឡើងវិញលើ App Store របស់ Apple បន្ទាប់ពីបាត់ខ្លួនដោយមិនមានការបញ្ជាក់មូលហេតុ
04-08-2026 09:35
(ឡុងដ៍)៖ កម្មវិធីផ្ញើសារប្រជាប្រិយ Telegram បានប្រកាសនៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) ថា កម្មវិធីរបស់ខ្លួនត្រូវបានដាក់ឱ្យទាញយកឡើងវិញជាផ្លូវការនៅលើហាងកម្មវិធី App Store របស់ Apple ហើយ បន្ទាប់ពីត្រូវបានគេប្រទះឃើញថា បានបាត់ខ្លួនមួយរយៈពេលខ្លីនៅក្នុងថ្ងៃដដែល។ នេះបើយោងតាមការចុះផ្សាយព័ត៌មានប៊្រេកឃីងរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងការត្រួតពិនិត្យមុននេះដោយអ្នកយកព័ត៌មាន Reuters គេបានប្រទះឃើញថា នៅពេលចូលទៅកាន់ទំព័រទាញយក Telegram លើ App Store ប្រព័ន្ធបានបង្ហាញសារប្រកាសថា «រកមិនឃើញទំព័រដែលអ្នកកំពុងស្វែងរកឡើយ (The page you're looking for can't be found)»។ យ៉ាងណាមិញ ក្រោយមក Telegram បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយថា៖ «Telegram ត្រូវបានដាក់ឱ្យដំណើរការឡើងវិញនៅលើ App Store ហើយ និងជិតអាចប្រើប្រាស់បានជាទូទៅសម្រាប់អ្នកប្រើប្រាស់ទាំងអស់ក្នុងពេលឆាប់ៗនេះ» ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីមូលហេតុនៃការបាត់ខ្លួន ឬការដកចេញបណ្តោះអាសន្ននេះឡើយ។
ខាងភាគីក្រុមហ៊ុន Apple ក៏មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ក្រៅម៉ោងធ្វើការផ្លូវការនៅឡើយដែរ៕






