គ្រូបង្វឹក Pochettino បន្តកិច្ចសន្យាថ្មីដឹកនាំក្រុមជម្រើសជាតិសហរដ្ឋអាមេរិកដល់ World Cup 2030

04-08-2026 09:49

(វ៉ាស៊ីនតោន)៖ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Mauricio Pochettino បានបន្លាយកិច្ចសន្យាដឹកនាំក្រុមបាល់ទាត់ជម្រើស ជាតិសហរដ្ឋអាមេរិក ដល់បំណាច់ព្រឹត្តិការណ៍ FIFA World Cup 2030។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។

អតីតអ្នកចាត់ការទូទៅក្លិបអង់គ្លេស Tottenham Hotspur និងតោខៀវ Chelsea រូបនេះ ត្រូវបានតែងតាំងដឺកនាំក្រុមបុរសអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយបានដឹកនាំក្រុមនៅតំបន់អាមេរិកខាងជើងមួយនេះ ឈានដល់វគ្គ ១៦ក្រុមផងដែរកាល World Cup 2026 ក្នុងនាមប្រទេសសហម្ចាស់ផ្ទះជាមួយមិចស៊ិក និងកាណាដា។

លោក Pochettino ដែលធ្លាប់ដឹកនាំ Spurs ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League ជាលើកដំបូងកាលឆ្នាំ២០១៩ បានដឹកនាំអាមេរិកឈរទីកំពូលតារាងប្រចាំពូលនៅ World Cup តាមរយៈយកឈ្នះប៉ារ៉ាហ្គាយ និងអូស្រ្តាលី។ ពួកគេបានទម្លាក់បូស្នៀ ២-០ ក្នុងវគ្គ ៣២ក្រុម មុនមកចាញ់ប៊ែលហ្ស៊ិក ៤-១ នៃវគ្គ ១៦ក្រុមវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់លោក Cindy Parlow Cone ប្រធានសហព័ន្ធបាល់ទាត់អាមេរិកបានគូសបញ្ជាក់ថា «លោក Pochettino បានកសាងវប្បធម៌ចំពោះកីឡាករអាមេរិកលេងជាក្រុម ប្រកបដោយទំនុកចិត្ត និងមហិច្ឆតាចង់ឈ្នះថែមទៀតផង»