TikTok យល់ព្រមដោះស្រាយបណ្តឹងតុលាការជាសម្ងាត់ ជាមួយក្រុមយុវជនដែលចោទថាបណ្តាញសង្គមធ្វើឱ្យ «ញៀន និងប៉ះពាល់ផ្លូវចិត្ត»
04-08-2026 10:20
(បរទេស)៖ ក្រុមហ៊ុន TikTok បានព្រមព្រៀងដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការជាសម្ងាត់ ជាមួយយុវជនចំនួន ៣នាក់ ដែលបានចោទប្រកាន់បណ្តាញសង្គមមួយនេះថា បានរចនាប្រព័ន្ធរបស់ខ្លួនក្នុងបំណងឱ្យអ្នកប្រើប្រាស់ញៀន វង្វេង និងបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត។ លោក Joseph VanZandt មេធាវីតំណាងឱ្យដើមចោទបានថ្លែងថា៖ «លក្ខខណ្ឌនៃការដោះស្រាយនេះត្រូវបានរក្សាជាសម្ងាត់ និងកំពុងរង់ចាំការសម្រេចជាស្ថាពរលើកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមួយ TikTok» ខណៈខាងក្រុមហ៊ុនមិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។
ដើមចោទជាវ័យជំទង់ទាំង ៣រូប ដែលរួមមានក្មេងស្រីអាយុ ១៥ឆ្នាំពីររូប និង ១៨ឆ្នាំមួយរូប បានអះអាងថា ការប្រើប្រាស់បណ្តាញសង្គមជ្រុលហួសហេតុ បានធ្វើឱ្យពួកគេរងគ្រោះដោយសារបញ្ហាក្រពះ-ពោះវៀន (វិបត្តិនៃការញ៉ាំ) ជំងឺថប់បារម្ភ ជំងឺបាក់ទឹកចិត្ត ការញៀន និងឈានដល់ការធ្វើបាបរាងកាយខ្លួនឯង។ ករណីទាំងនេះត្រូវបានជ្រើសរើសជា «ករណីគំរូ» (Bellwether trials) ក្នុងចំណោមបណ្តឹងប្រមាណ ៣,៣៣០ ករណី នៅតុលាការជាន់ខ្ពស់ក្រុង Los Angeles ដើម្បីជាទុនដល់គណៈវិនិច្ឆ័យក្នុងការវាយតម្លៃ និងកំណត់ទំហំខូចខាតសម្រាប់សំណុំរឿងស្រដៀងគ្នានៅថ្ងៃអនាគត។
ទោះបីជា TikTok បានដោះស្រាយបញ្ចប់ក្តីក្តី ក្រុមហ៊ុនយក្សផ្សេងទៀតដូចជា Meta, YouTube និង Snapchat នៅតែត្រូវប្រឈមមុខនឹងការឡើងសវនាការនៅខែតុលាខាងមុខលើការចោទប្រកាន់ដូចគ្នានេះ។ កន្លងមក ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះបានបដិសេធការចោទប្រកាន់ទាំងស្រុង ដោយបានអះអាងថា៖ «ពួកគេបានចាត់វិធានការយ៉ាងទូលំទូលាយរួចហើយ ដើម្បីរក្សាសុវត្ថិភាពសម្រាប់យុវវ័យ និងអ្នកប្រើប្រាស់វ័យក្មេងនៅលើភ្លេតហ្វមរបស់ពួកគេ»។
គួរជម្រាបថា បច្ចុប្បន្ន វិវាទផ្លូវច្បាប់ជុំវិញផលប៉ះពាល់នៃបណ្តាញសង្គមលើកុមារកំពុងរីករាលដាលយ៉ាងខ្លាំង ដោយមានបណ្តឹងជាង ២,៦០០ ករណីទៀតពីសំណាក់បុគ្គល សាលារៀន និងអាជ្ញាធរដែនដី កំពុងរង់ចាំការកាត់សេចក្តីនៅតុលាការសហព័ន្ធ ហើយអគ្គរាជអាជ្ញានៅស្ទើរតែគ្រប់រដ្ឋក្នុងសហរដ្ឋអាមេរិក ក៏បានដាក់ពាក្យប្តឹងក្រុមហ៊ុនបណ្តាញសង្គមទាំងនេះនៅក្នុងតុលាការរដ្ឋរៀងៗខ្លួនផងដែរ៕











