Nascimento កីឡាករប្រដាល់ក្នុងទ្រុង UFC ទទួលមរណភាព ពាក់ព័ន្ធជំងឺគាំងបេះដូង

04-08-2026 10:27

(បរទេស)៖ កីឡាករប្រដាល់ក្បាច់គុនចម្រុះ MMA គឺ Allen Nascimento បានទទួលមរណភាពទាំងស្ថិតក្នុងវ័យ ៣៤ឆ្នាំ ដែលមានជាប់ពាក់ព័ន្ធនឹងជំងឺគាំងបេះដូង (heart attack)។ នេះយោងតាមស្ថាប័ន UFC ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC។

កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលរូបនេះ បានឡើងប្រដាល់ក្នុងទ្រុង UFC បាន ៦លើកមកហើយនៃរយៈពេល ៥ឆ្នាំ។

បើយោងតាមរបាយការណ៍ពី MMA បានបញ្ជាក់ថា កីឡាករសញ្ជាតិប្រេស៊ីល ប្រភេទទម្ងន់ flyweight មិនបានបង្ហាញវត្តមានឡើយ បន្ទាប់ពីជួបបញ្ហាជំងឺគាំងបេះដូងរួចមក នៅអំឡុងពេលកំពុងគេង។

ទោះជាយ៉ាងណា បើយោងតាមសេចក្តីថ្លែងការណ៍ពីក្រុមវេជ្ជបណ្ឌិតដែលត្រូវបានដកស្រង់ដោយ UFC នោះបានបញ្ជាក់ថា Nascimento បានទទួលមរណភាពដោយជំងឺគាំងបេះដូង។

Nascimento បានក្លាយជាកីឡាករ UFC តាំងពីឆ្នាំ២០២១ និងបានប្រកួតចុងក្រោយចាញ់ពិន្ទុគូប្រជែង Mitch Raposo កាលពីខែមិថុនា ឆ្នាំ២០២៦ ជាមួយនឹងកំណត់ត្រានៅ MMA មានចំនួន ២២លើកជ័យជម្នះ និងចាញ់ ៧លើក ជាមួយនឹងជ័យជម្នះ ៤លើកទៀតផងនៅ UFC និងចាញ់ ២លើកថែមទៀត៕