អាមេរិកចេញចំណាត់ការក្តៅ! រៀបចំការតេស្តសុវត្ថិភាព AI បន្ទាប់ពីលេចធ្លាយករណី AI ឆ្លាតពេករត់គេចពីប្រព័ន្ធតេស្ត

04-08-2026 12:54

(បរទេស)៖ ក្រុមហ៊ុន Meta, Anthropic, OpenAI និង Google ត្រូវបានអញ្ជើញឱ្យចូលរួមជួបប្រជុំជាមួយមន្ត្រីសេតវិមាននៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការធ្វើតេស្តសុវត្ថិភាពដោយស្ម័គ្រចិត្តរបស់រដ្ឋាភិបាល សម្រាប់ម៉ូឌែល AI កម្រិតជឿនលឿនបំផុតរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។

ក្រុមហ៊ុន Anthropic និង OpenAI បានទម្លាយឱ្យដឹងនាពេលថ្មីៗនេះថា ឧបករណ៍ AI របស់ពួកគេបានជ្រៀតចូលប្រព័ន្ធរបស់ក្រុមហ៊ុនផ្សេងទៀត ដែលធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកច្បាប់អាមេរិក ជុំវិញរឿងដែលថា តើម៉ូឌែល AI ដែលមានសមត្ថភាពកាន់តែខ្ពស់ទាំងនេះ អាចនឹងត្រូវគេយកទៅប្រើប្រាស់ដើម្បីប្រព្រឹត្ត ឬសម្រួលដល់ការវាយប្រហារសាយប័រដែរឬទេ?

មន្ត្រីសេតវិមានម្នាក់បាននិយាយនៅថ្ងៃចន្ទដើមស្តាហ៍នេះថា រដ្ឋបាលលោក ត្រាំ បានសម្រេចបញ្ចប់ការរៀបចំលម្អិតនៃការធ្វើតេស្តសុវត្ថិភាពសាយប័រដោយស្ម័គ្រចិត្ត ដើម្បីវាស់វែងសមត្ថភាពជ្រៀតចូលប្រព័ន្ធ (Hacking Capabilities) នៃម៉ូឌែល AI កម្រិតជឿនលឿនបំផុតរបស់អាមេរិក ហើយកំពុងរៀបចំផែនការពិភាក្សាលើរឿងនេះជាមួយឧស្សាហកម្ម AI មន្ត្រីរូបនោះមិនបានបញ្ជាក់ថាអ្នកណាខ្លះនឹងចូលរួមការពិភាក្សានោះទេ។

អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយថា ក្រុមហ៊ុនខ្លួនត្រូវបានអញ្ជើញ ដូចគ្នានឹងក្រុមហ៊ុន Anthropic និង OpenAI ដែរ។ នេះបើយោងតាមប្រភពពីរដែលស្គាល់ច្បាស់ពីជំនួបនេះ។​ យ៉ាងណាមិញ មន្ត្រីសេតវិមានរូបនោះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីការធ្វើតេស្តទាំងនោះទេ រួមទាំងរបៀបដែលលទ្ធផលនឹងត្រូវរាយការណ៍ រង្វាស់ទាស់ស្តង់ដារដែលត្រូវប្រើ និងថាតើមានផ្នែកណាមួយនឹងត្រូវបោះពុម្ពផ្សាយជាសាធារណៈដែរឬទេ។

គួរជម្រាបថា ថ្មីៗនេះ ក្រុមហ៊ុន Anthropic និង OpenAI ទាំងពីរបានទម្លាយថា AI របស់ខ្លួនបានជ្រៀតចូលប្រព័ន្ធក្រុមហ៊ុនផ្សេងទៀត ដោយក្នុងនោះ AI របស់ OpenAI ថែមទាំងបានរត់គេចពីប្រព័ន្ធត្រួតពិនិត្យ និងបន្សល់ទុកការណែនាំពីវិធីរត់គេចខ្លួនទៀតផង។ ជុំវិញបញ្ហានេះ អាជ្ញាធរអាមេរិក និងក្រុមអគ្គព្រះរាជអាជ្ញា ១៥ រូប បានបើកការស៊ើបអង្កេត និងទាមទារឱ្យ OpenAI បកស្រាយជុំវិញការរំលោភលើច្បាប់ការពារអ្នកប្រើប្រាស់៕