Amazon ហក់ឡើងដល់ «ក្លឹបកំពូលមហាសេដ្ឋីបច្ចេកវិទ្យា ៣ទ្រីលានដុល្លារ» ជាប្រវត្តិសាស្ត្រ ដោយសារការផ្ទុះឡើងនៃតម្រូវការ AI និង Cloud
04-08-2026 14:58
(បរទេស)៖ ក្រុមហ៊ុន Amazon បានទម្លុះទំព័រប្រវត្តិសាស្ត្រថ្មីមួយដោយតម្លៃទីផ្សារសរុបបានកើនឡើងរហូតដល់ ៣ ទ្រីលានដុល្លារ (៣ ពាន់ពាន់លានដុល្លារ) ជាលើកដំបូង បន្ទាប់ពីតម្លៃភាគហ៊ុនបានហក់ឡើងយ៉ាងខ្លាំង ៥% រហូតដល់កំណត់ត្រាខ្ពស់បំផុត ២៨៥.០១ ដុល្លារ។ ការស្ទុះងើបឡើងវិញយ៉ាងគំហុកនេះ កើតចេញពីរបាយការណ៍ប្រាក់ចំណេញដ៏រឹងមាំ និងតម្រូវការហក់ឡើងខ្ពស់លើសេវាកម្ម cloud (AWS) ដែលជាប្រភពចំណូលចម្បងរបស់ក្រុមហ៊ុន ស្របពេលដែលរលកនៃបច្ចេកវិទ្យា AI កំពុងរីកចម្រើនយ៉ាងរហ័ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។
លោក Mark Hackett ប្រធានយុទ្ធសាស្ត្រទីផ្សារនៅក្រុមហ៊ុន Nationwide បានលើកឡើងអំពីស្ថានភាពនេះថា៖ «Amazon ប្រហែលជាតំណាងឱ្យកំណើនសេដ្ឋកិច្ចច្បាស់បំផុតនៅពេលនេះ។ វាជារឿងរ៉ាវរបស់អ្នកប្រើប្រាស់ ហើយក៏ជារឿងរ៉ាវនៃ AI ផងដែរ»។ លោកបានបន្ថែមទៀតថា៖ «មន្ទិលសង្ស័យដ៏ធំមុនពេលឈានចូលដល់រដូវកាលប្រកាសប្រាក់ចំណេញ គឺថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនោះកំពុងកាត់បន្ថយការចំណាយលើ AI ឬយ៉ាងណា។ ប៉ុន្តែយើងមិនបានឃើញការកាត់បន្ថយនោះពី Amazon និង Microsoft ឡើយ ហើយកត្តានេះបានបើកផ្លូវឱ្យទីផ្សារទាំងមូលមានទំនុកចិត្តឡើងវិញ»។
កំណើននៃបច្ចេកវិទ្យា AI នេះបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតដូចជា Microsoft, Meta, Alphabet និង Oracle កើនឡើងដូចគ្នាដែរ។ ទោះជាយ៉ាងណាក៏ដោយ លំហូរសាច់ប្រាក់ក្នុងចំណោមក្រុមហ៊ុនធំៗទាំងនេះបានចាប់ផ្តើមមានភាពខុសប្លែកគ្នា ខណៈដែលក្រុមហ៊ុនខ្លះដូចជា Tesla, Alphabet និង Meta បានជួបប្រទះការធ្លាក់ចុះនៃលំហូរសាច់ប្រាក់ ដោយសារតែការចាក់បញ្ចូលលុយរាប់ពាន់លានដុល្លារទៅក្នុងការអភិវឌ្ឍ AI យ៉ាងគំហុក។
គួររំលឹកផងដែរថា ក្រុមហ៊ុន Amazon ដែលបង្កើតឡើងដោយលោក Jeff Bezos ក្នុងឆ្នាំ ១៩៩៤ បានចំណាយពេលត្រឹមតែជាង ២ ឆ្នាំប៉ុណ្ណោះក្នុងការបន្ថែមតម្លៃទីផ្សារ ១ ទ្រីលានដុល្លារទៀត បន្ទាប់ពីសម្រេចបាន ២ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៤។ បច្ចុប្បន្ន Amazon បានចូលរួមជាមួយក្រុមក្រុមហ៊ុនយក្សពិភពលោកដែលមានតម្លៃទីផ្សារលើស ៣ ទ្រីលានដុល្លារដូចជា Apple, Microsoft, Alphabet និង Nvidia ដែលជាក្រុមហ៊ុនធំបំផុតនៅលើពិភពលោកមានតម្លៃជិត ៥ ទ្រីលានដុល្លារ៕












