Update! រឿងហេតុនៅពីក្រោយការបាត់ Telegram ពី App Store
04-08-2026 15:21
(បរទេស)៖ កម្មវិធីផ្ញើសារល្បីឈ្មោះ Telegram ត្រូវបានក្រុមហ៊ុន Apple លុបចេញពីហាងកម្មវិធី App Store នៅទូទាំងពិភពលោកជាបណ្ដោះអាសន្ន និងត្រូវបានដាក់ឱ្យដំណើរការវិញនៅក្នុងថ្ងៃដដែល បន្ទាប់ពីរកឃើញថាមានអ្នកប្រើប្រាស់ម្នាក់បានចែករំលែក «សម្ភារបំពានផ្លូវភេទលើកុមារ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានបញ្ជាក់ថា៖ «កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការវិញ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ (Telegram) បានលុបខ្លឹមសារនោះចេញភ្លាមៗ និងបានបិទគណនី (Ban) អ្នកប្រើប្រាស់ដែលបានបង្ហោះវា»។ Telegram ដែលមានអ្នកប្រើប្រាស់សកម្មជាង ១ពាន់លាននាក់ក្នុងមួយខែ បានគូសបញ្ជាក់ថា ខ្លួនមានគោលនយោបាយ «មិនអត់ឱន» ដាច់ខាតចំពោះរូបភាព/វីដេអូបំពានផ្លូវភេទលើកុមារ ដោយក្នុងឆ្នាំនេះ ខ្លួនបានបិទក្រុម (Groups) និងឆានែល (Channels) ជិត ៣៣៨,០០០ ហើយ។
ទោះជាយ៉ាងណា សកម្មភាពព្យួរកម្មវិធីភ្លាមៗរបស់ Apple បានធ្វើឱ្យ Telegram និងអ្នកប្រឡូកក្នុងវិស័យបច្ចេកវិទ្យាបង្ហាញការមិនពេញចិត្ត។ Telegram បានបង្ហោះឌឺដងទៅកាន់ Apple លើបណ្តាញសង្គម X ថា៖ «ខ្ញុំជឿជាក់ថា ជំហរមួយនេះនឹងត្រូវបានអនុវត្តដោយស្មើភាពគ្នាចំពោះកម្មវិធីផ្សេងទៀតទាំងអស់នៅក្នុងហាង App Store នៅពេលអនាគត ត្រូវទេ Apple?»។ ជាមួយគ្នានេះ លោក Tim Sweeney នាយកប្រតិបត្ត (CEO) ក្រុមហ៊ុន Epic Games ក៏បានចោទសួរចំៗថា៖ «Apple បានថ្លែងថា ពួកគេបានលុបកម្មវិធីនេះមិនឱ្យអ្នកប្រើប្រាស់មួយពាន់លាននាក់ប្រើប្រាស់ ដោយសារតែអ្នកប្រើប្រាស់ Telegram ម្នាក់បានផុសអ្វីមួយដែលគួរឱ្យខ្ពើមរអើម និងខុសច្បាប់»។ ខណៈ «ពួកគេមិនបានពន្យល់លម្អិតថា ប្រសិនបើនោះជាបទដ្ឋានសម្រាប់ការលុបកម្មវិធី តើកម្មវិធីទំនាក់ទំនងណាមួយអាចដំណើរការក្នុងទ្រង់ទ្រាយធំ (Scale) យ៉ាងដូចម្តេច រួមទាំង iMessage ផងដែរនោះ?»។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែល Telegram ជួបរឿងរ៉ាវបែបនេះ។ កាលពីឆ្នាំ ២០១៨ Apple ក៏ធ្លាប់បានព្យួរ Telegram ម្ដងរួចមកហើយជុំវិញខ្លឹមសារដែលលោក Pavel Durov ស្ថាបនិក Telegram ហៅថាជា «ខ្លឹមសារមិនសមរម្យ»។ បន្ថែមពីនេះ Telegram ក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេតពីស្ថាប័នអាជ្ញាធរគ្រប់គ្រងទូរគមនាគមន៍ Ofcom របស់ចក្រភពអង់គ្លេស និងធ្លាប់ត្រូវអាជ្ញាធរសុវត្ថិភាពអនឡាញអូស្ត្រាលីពិន័យជាប្រាក់កាលពីខែកុម្ភៈជុំវិញការឆ្លើយតបយឺតយ៉ាវលើវិធានការបង្ក្រាបបទល្មើសអនឡាញ។ ប៉ុន្តែ Telegram បានបដិសេធ «យ៉ាងដាច់អហង្ការ» ចំពោះការចោទប្រកាន់ទាំងនេះ ដោយអះអាងថា ខ្លួនបានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Algorithms ដើម្បី «លុបបំបាត់ស្ទើរតែទាំងស្រុង» នូវការរីករាលដាលនៃខ្លឹមសារខុសច្បាប់ទាំងនោះចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ៕












