កីឡាវ៉ូវីណាម កោះប្រជុំគណៈកម្មការពាក់ព័ន្ធត្រៀមធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី លើកទី៦ នាខែវិច្ឆិកា
04-08-2026 15:29
(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នៅថ្ងៃទី០៤ ខែសីហានេះ បានកោះប្រជុំជាមួយគណៈកម្មការបច្ចេកទេសទាំងអស់ ដើម្បីពិភាក្សា និងស្វែងរកធាតុចូលសំខាន់ៗ សម្រាប់ដំណើរត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
លោក អ៊ូ រតនា ប្រធានសហព័ន្ធ បានឲ្យដឹងថា នេះជាលើកដំបូង ដែលគណៈកម្មការពាក់ព័ន្ធបានជួបប្រជុំគ្នា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ហើយទទួលបាននូវធាតុចូលសំខាន់ៗ សម្រាប់កែលម្អ និងធានាឲ្យបាននូវការត្រៀមលក្ខណៈឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតទ្វីប ដែលទទួលបានគោលការណ៍អនុញ្ញាតឲ្យរៀបចំពីរាជរដ្ឋាភិបាលកាលពីថ្មីៗ។
ក្នុងនាមប្រធានគណៈកម្មការទទួលបន្ទុករួម លោកបានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគណៈកម្មការ និងអនុគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល ដើម្បីជំរុញសកម្មភាពតាមផ្នែកនីមួយៗ។ តាមរយៈនេះ លោកមានសុទិដ្ឋិនិយមយ៉ាងមុតមាំ សម្រាប់ដំណើររៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី នឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
ដោយឡែកពាក់ព័ន្ធនឹងបណ្ដាប្រទេសចូលរួមវិញ បច្ចុប្បន្នប្រតិភូកីឡាប្រទេសជាច្រើន កំពុងដំណើរការចុះឈ្មោះ មុនបិទការទទួលចុះឈ្មោះនៅចុងខែវិច្ឆិកានេះ។ ជាមួយបទពិសោធន៍នៃការរៀបចំជើងឯកអាស៊ីអាគ្នេយ៍ និងជើងឯកពិភពលោក ពិសេសការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ លោករំពឹងយ៉ាងមុតមាំការធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី នាចុងខែវិច្ឆិកានេះ នឹងមានអត្តពលិកបណ្ដាប្រទេសជាច្រើនចូលរួម។
លើសពីព្រឹត្តិការណ៍កីឡា ក្នុងនាមម្ចាស់ផ្ទះ សហព័ន្ធបានប្ដេជ្ញានឹងផ្ដល់នូវការស្វាគមន៍ដល់កក់ក្ដៅ ទាំងការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅហូបចុក និងការធ្វើដំណើរជាដើម ដើម្បីផ្ដល់នូវអនុស្សាវរីយ៍ និងការចងចាំមិនអាចបំភ្លេចបាន ចំពោះការអភិវឌ្ឍ និងភាពរីកចម្រើន ព្រមទាំងវប្បធម៌ ទេសចរណ៍ និងភាពរួសរាយរាក់ទាក់របស់កម្ពុជា ទៅផ្សព្វផ្សាយលើឆាកអន្ដរជាតិ ហើយចង់ត្រឡប់មកលេងកម្សាន្ដនៅកម្ពុជាបន្ដបន្ទាប់ទៀត៕












