អ្នករត់កង់បី ដែលរងគ្រោះដោយត្រូវបានអតិថិជន​បោកយកប្រាក់ ទទួលបានការឧបត្តម្ភ​លើកទឹកចិត្តពីសមាគមស្ត្រីដេីម្បីសង្គម

04-08-2026 16:39

(ភ្នំពេញ)៖ អ្នកប្រកបរបររត់កង់បីម្នាក់ ដែលត្រូវបានអតិថិជិជន​បោកប្រាស់ទំនុកចិត្តដោយហៅកង់បីជិះ មិនបានឱ្យលុយ និងបានបោកយកលុយបន្ថែមទៀតនោះ ដែលបានធ្វើឱ្យ​មហាជនមាន​ក្តីអាណិតជាពន់ពេកនោះ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ សមាគមស្ត្រីដេីម្បីសង្គម សហការជាមួយ ធីតា អង្គរ អ៊ែប បានបង្ហាញនូវកាយវិការមនុស្សធម៌ដ៏ប្រពៃ ដោយបានឧបត្ថម្ភថវិកា និងសម្ភារប្រើប្រាស់មួយចំនួន​ ដើម្បីជាការជួយលើកកម្លាំងចិត្ត​ក្នុងការប្រកបរបរនេះដើម្បីបន្តរកចំណូលចិញ្ចឹមជីវិតបន្តទៀត។

សូមបញ្ជាក់ថា ករណីអ្នករត់កង់បីដែលរងគ្រោះដោយសារអតិថិជន​បោកយកប្រាក់នឹងបានរត់គេនេះ បានកើតឡើងនាពេលថ្មីៗនេះ នៅចំណុចខុនដូរមួយកន្លែង នៅខណ្ឌទួលគោក ដែលបានបង្កការលំបាក និងការខាតបង់ដល់អ្នករត់កង់បី ដែលមានភារកិច្ចចិញ្ចឹមបីបាច់គ្រួសារ និងកូនក្នុងបន្ទុក ហើយសកម្មភាពនេះក៏បង្ហាញជាគំរូដ៏អាក្រក់មួយដែលមិនគួរឱ្យកើតមាននោះឡើយ។

ការឧបត្ថម្ភនេះធ្វើឡើងក្នុងគោលបំណងជួយសម្រាលបន្ទុក និងលើកទឹកចិត្តដល់អ្នករត់កង់បី ដែលបានជួបឧបទ្ទវហេតុអកុសលនេះ។ កញ្ញា កែវ ពេជ្រធីតា ប្រធានសមាគមស្ត្រីដេីម្បីសង្គម និងជាតំណាង ធីតា អង្គរ អ៊ែប បានសម្តែងការយល់ចិត្ត និងអាណិតអាសូរយ៉ាងខ្លាំងចំពោះអ្នករត់កង់បី ដែលបានខិតខំប្រឹងប្រែងរកស៊ីដោយសុចរិត ប៉ុន្តែបែរជាត្រូវអតិថិជនបោកប្រាស់ទៅវិញ។ តាមរយៈសកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសមាជិកសហគមន៍ និងលើកកម្ពស់ស្មារតីជួយគ្នាទៅវិញទៅមកក្នុងសង្គម។

សមាគមស្ត្រីដេីម្បីសង្គម និង ធីតា អង្គរ អ៊ែប តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ​របស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរ​ជាអ្នកបើកបរដឹកជញ្ជូនសាធារណៈ។ ការឧបត្ថម្ភនេះ​មិនត្រឹមតែជាការ​ជួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់កម្លាំងចិត្តដ៏ធំធេង ដើម្បីឲ្យអ្នករត់កង់បី ដើម្បីអាចបន្តការងាររបស់ខ្លួនដោយក្តីសង្ឃឹម និងជំនឿចិត្តឡើងវិញ និងបានអំពាវនាវដល់​សាធារណជនទាំងអស់ ឲ្យមានការយោគយល់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកសាងសង្គមមួយដែលមានភាពសុខដុមរមនា និងយុត្តិធម៌៕