ក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះអនុស្សរណៈយោគយល់គ្នា សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេឡិចត្រូនិក

04-08-2026 20:51

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី «ធនាគារ អេស៊ីលីដា​» ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាក្រសួងទេសចរណ៍ ស្តីពី «ការប្រើប្រាស់សេវាកម្មរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់ អេឡិចត្រូនិក (e-Payment)»​ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងទំនើបកម្មសេវាសាធារណៈក្នុងវិស័យទេសចរណ៍។

ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងតំណាងជាន់ខ្ពស់ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ជាច្រើនរូប។

កិច្ចព្រមព្រៀងនេះធ្វើឡើង ដើម្បីរៀបចំប្រព័ន្ធទូទាត់សេវាសាធារណៈក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់ ឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។

គោលបំណង និងអត្ថប្រយោជន៍ចម្បង នៃការសហការនេះ មានដូចខាងក្រោម៖
​* ផ្តល់ភាពងាយស្រួល សម្រាប់ប្រតិបត្តិករទេសចរណ៍៖ អាជីវករ ប្រតិបត្តិករ និងសាធារណជនអាចបង់កម្រៃសេវាសាធារណៈ ឬអាជ្ញាបណ្ណផ្សេងៗ ដែលចេញដោយក្រសួងទេសចរណ៍ បានយ៉ាងឆាប់រហ័ស តាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) អេស៊ីលីដា អ៊ីនធឺណែត ទូទាត់តាមប្រព័ន្ធ X-Pay, Deeplink Mini App, KHQR, MPGS (International Payment Gateway) និងតាមបញ្ជរធនាគារ ឬនៅតាមបណ្តាសាខាការិយាល័យ ប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅទូទាំងប្រទេស។

* តម្លាភាព និងប្រសិទ្ធភាព៖ កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ បង្កើនតម្លាភាព និងកាត់បន្ថយពេលវេលាក្នុងការរង់ចាំ។

* ការគាំទ្រការធ្វើបដិវត្តកម្មឌីជីថល៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងស្ថាប័នរដ្ឋ ដើម្បីឆ្លើយតបទៅនឹងយុគសម័យសេដ្ឋកិច្ច និងសង្គមឌីជីថល។​ កិច្ចសហប្រតិបត្តិការនេះ ជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ ដោយបំពាក់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ និងអាជីវករឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដាមីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៦ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៨៥ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,២០លាននាក់។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៧៩លានដៃគូ និងមានអ្នកប្រើប្រាស់ អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៥,៨១លាននាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី, លោក នេត ពិសិដ្ឋ មុខងារនាយកប្រតិបត្តិសេវាហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទៈ ០១៥ ៧០០ ១១១, អ៉ីម៉ែលៈ [email protected], គេហទំព័រៈ www.acledabank.com.kh