ក្លិបតួកគីយ៉េ ផ្តើមបើកកិច្ចចរចាជាមួយតារាជើងស៊ុត Mohamed Salah របស់ Liverpool

05-08-2026 09:53

(បរទេស)៖ ក្លិប Trabzonspor ដែលស្ថិតក្នុងលីគកំពូលនៃប្រទេសតួកគីយ៉េបានឱ្យដឹងថា ពួកគេបានកំពុងចាប់ផ្តើម បើកកិច្ចពិភាក្សា ដើម្បីនាំយកខ្សែប្រយុទ្ធជួរមុខ Mohamed Salah មករួមក្រុម។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ប្រធានក្រុមជម្រើសជាតិអេហ្ស៊ីប វ័យ ៣៤ឆ្នាំរូបនេះ បានឈ្នះស្បែកជើងមាស Golden Boot ៤លើក ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League កាលលេងក្នុងក្លិបហង្សក្រហម Liverpool។

ទោះជាយ៉ាងណា បច្ចុប្បន្នរូបគេបានស្ថិតក្នុងភាពទំនេរដោយពុំទាន់មានក្លិបថ្មីលេងនៅឡើយទេ ក្រោយចាកចេញពី Liverpool ពេលចប់រដូវកាលមុន ឆ្នាំ២០២៥-២៦ ដោយសារមិនបន្តកិច្ចសន្យាថ្មី។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ Trabzonspor បានបង្ហើបថា Salah នឹងធ្វើដំណើរមកដល់ទីក្រុង Istanbul នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ មុនពេលពិនិត្យសុខភាព និងចុះកិច្ចសន្យាផ្លូវការ។

គួររំលឹកផងថា មុនពេលចាកចេញពីកីឡដ្ឋាន Anfield ខ្សែប្រយុទ្ធ Salah ស៊ុតបាន ២៥៧គ្រាប់ និងបញ្ជូនបាន ១២០គ្រាប់ផងដែរ ពីការបង្ហាញខ្លួនសរុបចំនួន ៤៤២ប្រកួតសម្រាប់ Liverpool។ រូបគេជាផ្នែកដ៏សំខាន់ផងដែរ ដែលបានរួមចំណែកជួយអេហ្ស៊ីបឈានដល់វគ្គ ១៦ក្រុមនៃ World Cup 2026 ដែលបានចាញ់អាហ្សង់ទីន ៣-២ ត្រឡប់មកផ្ទះវិញ៕