គ្រូបង្វឹកកាប់វែរ លាលែងពីតំណែង ស្របពេលកូដឌីវ័រ តែងតាំងលោក Renard ជាគ្រូបង្វឹកថ្មីជាលើកទី២
05-08-2026 10:20
(បរទេស)៖ គ្រូបង្វឹក Bubista បានលាឈប់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកាប់វែរ ក្រោយកាន់តួនាទីធំនេះអស់ ៦ឆ្នាំកន្លះរួចមក ស្រពេលក្រុមនៅតំបន់អាហ្វ្រិកដូចគ្នា កូដឌីវ័របានតែងតាំងលោក Herve Renard ជាគ្រូបង្វឹកថ្មីជា លើកទី២ របស់ពួកគេ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ៥៦ឆ្នាំបានលាឈប់ពីកាប់វែរ ដើម្បីទៅដឹកនាំក្លិប RS Berkane នៃប្រទេសម៉ារ៉ុក បន្ទាប់ពីដឹកនាំប្រទេសដែនកោះតូចមួយ កាប់វែរនេះឡើងដល់វគ្គ ៨ក្រុមពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Natiions 2023 បន្ទាប់ពីចូលដឹកនាំកាលពីខែមករា ឆ្នាំ២០២០។
លោក Bubista បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ដើម្បីដឹកនាំ RS Berkane ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងលីគម៉ារ៉ុកនារដូវកាលមុន ក្នុងការជំនួសតំណែងលោក Moin Chaabani ដែលបានលាឈប់ ដើម្បីទៅដឹកនាំក្រុមជម្រើសជាតិទុយនេស៊ីវិញ។
ចំណែកឯលោក Renard ដែលធ្លាប់ឈ្នះពានប្រចាំតំបន់ Africa Cup of Nations (Afcon) ២លើក ដោយក្នុងនោះរួមមានជាមួយកូដឌីវ័រ ក្នុងឆ្នាំ២០១៥ និង ១លើកផ្សេងទៀតជាមួយហ្ស៊ំប៊ីដ៏គួរឱ្យភ្ញាក់ផ្អើលកាលឆ្នាំ២០១២ ដើម្បីចូលកាន់តំណែងជំនួសលោក Emerse Fae ដែលបានផុតកិច្ចសន្យា បន្ទាប់ពីក្រុមដំរីមួយនេះបានចាញ់ន័រវែស ២-១ ក្នុងវគ្គ ៣២ក្រុមនៅ World Cup 2026។
កិច្ចសន្យារបស់បុរសសញ្ជាតិបារាំង វ័យ ៥៧ឆ្នាំរូបនេះមិនត្រូវបានបង្ហាញឡើយ នៅពេលវត្តមានរបស់លោកនឹងត្រូវបង្ហាញនៅទីក្រុង Abidjan នាពេលឆាប់ៗ ដើម្បីចូលដឹកនាំតែម្តង៕



