Apple ប្ដឹង OpenAI យ៉ាងចាស់ដៃ ជុំវិញការលួចបុគ្គលិក និងទិន្នន័យសម្ងាត់

05-08-2026 10:26

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានស្នើឱ្យចៅក្រមអាមេរិកចេញ ដីកាហាមឃាត់ជាបណ្ដោះអាសន្ន ដើម្បីរារាំងក្រុមហ៊ុន OpenAI និងអតីតបុគ្គលិករបស់ខ្លួនពីការចូលប្រើប្រាស់ កាន់កាប់ ឬទម្លាយនូវអ្វីដែល Apple អះអាងថាជា «ការសម្ងាត់ពាណិជ្ជកម្ម» របស់ខ្លួន ខណៈដែលជម្លោះផ្លូវច្បាប់រវាងក្រុមហ៊ុនទាំងពីរកាន់តែមានភាពតានតឹង។

ក្រៅពីការស្វែងរកដីកាហាមឃាត់ Apple ក៏បានដាក់ញត្តិសុំឱ្យមានការពិនិត្យភស្តុតាងជាបន្ទាន់ ដោយស្នើសុំសាកសួរចម្លើយ លើអតីតបុគ្គលិកជាន់ខ្ពស់របស់ខ្លួន គឺលោក Tang Yew Tan ជាអតីតអនុប្រធានផ្នែកឌីហ្សាញ iPhone និង Apple Watch ដែលបច្ចុប្បន្នជាប្រធានផ្នែក Hardware នៅ OpenAI និងលោក Chang Liu អតីតវិស្វករអគ្គិសនី ព្រមទាំងតំណាងក្រុមហ៊ុន OpenAI និងក្រុមហ៊ុន io Products។ Apple បានដាក់ពាក្យប្តឹង OpenAI កាលពីខែកក្កដា ឆ្នាំ២០២៦ ដោយចោទប្រកាន់ថា OpenAI បានប្រើប្រាស់ដំណើរការសម្ភាសន៍ការងារ និងការទាក់ទាញបុគ្គលិក Apple ដើម្បីលួចយកព័ត៌មានសម្ងាត់, ប្លង់ឌីហ្សាញ, គ្រឿងបន្លាស់ និងបច្ចេកវិទ្យាផលិតផល Hardware យកទៅប្រើប្រាស់ក្នុងគម្រោងអភិវឌ្ឍន៍ឧបករណ៍ Hardware ផ្ទាល់ខ្លួនរបស់ OpenAI។

ជុំវិញករណីនេះ ក្រុមហ៊ុន OpenAI បានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយបញ្ជាក់ថា «សំណើដីកាហាមឃាត់របស់ Apple គឺផ្អែកលើព័ត៌មានមិនពិត និងគ្មានភាពចាំបាច់ទាល់តែសោះ ព្រោះ OpenAI មិនមាន និងមិនចង់បានការសម្ងាត់ពាណិជ្ជកម្មណាមួយរបស់ Apple នោះឡើយ»។ ដើម្បីការពារខ្លួន OpenAI បានប្រកាសជាសាធារណៈនូវសារសន្ទនា (iMessage) និងអ៊ីមែលរវាងអតីតវិស្វករ Chang Liu និងបុគ្គលិក Apple ដើម ដោយបង្ហាញថា ភាគីបុគ្គលិក Apple ខ្លួនឯងទេដែលជាអ្នកទាក់ទងមកសុំជំនួយពីលោក Liu ក្នុងការស្វែងរកឯកសារ បន្ទាប់ពីលោកបានចាកចេញពីក្រុមហ៊ុន។ OpenAI បានបន្ថែមថា បញ្ហាប្រព័ន្ធសុវត្ថិភាពរបស់ Apple ខ្លួនឯងទេ ដែលមិនបានបិទសិទ្ធិចូលប្រើប្រាស់ (Access) របស់អតីតបុគ្គលិកឱ្យបានត្រឹមត្រូវ៕